ឆក់ទូរស័ព្ទ ពីស្រីស្អាតបានសម្រេច តែនាងស្រែក ឆោឡោ ភ័យពេកក៏រអិលដួល ប៉ូលិសមកទាន់ក្របួចជាប់បែរជាយំពេញប៉ុស្តិ៍ស្រះចក
រាជធានីភ្នំពេញ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ ទូរស័ព្ទដៃ) ប្រព្រឹត្តិនៅចំណុចក្បែរផ្សារអ៊ី ឌិន ក្នុងដីបឹងកក់ ផ្លូវ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

វត្ថុតាងចាប់យកមាន ទូរស័ព្ទ ដៃមួយគ្រឿងម៉ាក Iphone7 Plus ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ), ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ+ម៉ាស៊ីន.9749880 (ជារបស់ជនសង្ស័យ)។លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្រះចក បានប្រាប់ពីសភាពនៃរឿងហេតុដូច្នេះថា កាលពីវេលាម៉ោងប្រហែល១៣:៣០នាទី រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូជាមួយមិត្តភ័ក្រ្តចេញពីម្តុំសង្កាត់ទួលសង្កែ ក្នុងគោលបំណងទៅជួបមិត្តភ័ក្រ្ត នៅម្តុំវត្តបុទុម ជិះតាមផ្លូវ១៦៩ ពីជើងទៅត្បូង ពេលជិះមកដល់ចំណុចក្បែរផ្សារអ៉ីឌិន ផ្លូវ១៦៩ ភូមិ ៤ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ភ្លាមនោះជនរងគ្រោះស្រែកឆោឡោ ហើយជនសង្ស័យក៏បានដួលម៉ូតូ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចល្បាតទៅដល់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នក្រោយកើតហេតុ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕



ដោយ៖ បងម៉េង ខ្មែរណូត