ឧត្តមសេនីយ៍ឯក ស ថេត គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ រឿងគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំលោក លោកស្រីស្នងការរង នាយការិយាល័យ និងមន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័កវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត ជាកិច្ចបច្ឆាមរណ: ដែលបានទទួលមរណ:កាលពីរំលងអធ្រាតយប់ថ្ងៃទី៣០ ។

ក្នុងពេលនោះដែរឯកឧត្តមស្នងការ បានបង្ហាញអារម្មណ៍នឹកស្រណោះ សោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព ក៏ដូចជាការចូលរួមសហការណ៍ក្នុងការបង្ក្រាបបទល្មេីសនានាជាច្រេីន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាពេលកន្លងមក ។ សូមបញ្ជាក់ថាលោកវរសេនីយ៍ទោ រ៉េត សុីណែត អាយុ៤១ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាមន្ត្រីដ៏ល្អមួយរូប បានលះបង់ក្នុងការបម្រេីសង្គមជាតិ ហេីយគាត់ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ផងដែរ ។
ឯកឧត្តមស្នងការបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រ៉េត សុីណែត ផងដែរ ។ ជាមួយនោះដែរឯកឧត្តមស្នងការ ក៏បាននាំយកជាសម្ភារ: និងថវិកាមួយចំនួន ដេីម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពផងដែរ ៕







