ថ្ងៃអាទិត្យ ម្សិលមិញ ថៃបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន ៣១៥ករណីបន្ថែមទៀត
ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី៣ មករា ឆ្នាំ ២០២១ ម្សិលមិញនេះប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ចំនួន ៣១៥ករណីបន្ថែមទៀត តែគ្មានករណីអ្នកស្លាប់ថ្មីនោះទេ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ខាងលើនេះមាន ២៩៤ គឺជាករណីចម្លងនៅក្នុងសហគមន៍ ដោយក្នុងនោះមាន ២៧៤ ករណីបានកើតឡើងចំពោះពលរដ្ឋថៃ និង ២០ ករណីផ្សេងទៀតបានកើតឡើងចំពោះក្រុមពលករចំណាកស្រុកហើយក្នុងនោះមាន ១៧ ករណីកើតមានចំពោះក្រុមពលករនៅក្នុងខេត្តសាមុតសាខន និង ៣ ករណីកើតចំពោះក្រុមពលករនៅក្នុងខេត្តណុនប៊ូរី។

បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានឲ្យដឹងថា ដោយសង្កេតឃើញករណីចម្លងជំងឺនៅក្នុងសហគមន៍កើនឡើងជាបន្តបន្ទាប់ដូចនេះអាជ្ញាធរថៃគ្រោងនឹងដាក់ចេញនូវវិធានការតឹងរឹងមួយចំនួនដូចជាហាមពលរដ្ឋមិនឲ្យចេញទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋាន និងផ្អាកកន្លែងកម្សាន្តឬកន្លែងផ្តល់សេវាកម្មណាដែលសូវមិនចាំបាច់មួយរយៈសិន តែអាជ្ញាធរនៅមិនទាន់សម្រេចបិទប្រទេសទាំងស្រុងនៅឡើងទេព្រោះវាអាចប៉ះពាល់ខ្លាំងចំពោះសកម្មភាពអាជីវកម្មនិងសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧ ៦៩៤ ករណី និងស្លាប់ចំនួន ៦៤ ករណី៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍