ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣៦៥នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ៩,៣៣១ ករណី និងស្លាប់០១នាក់ផងដែរ
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៦៥ករណី ដែលនាំឱ្យករណីសរុបចាប់តាំងពីប្រទេសនេះបានរងការវាយប្រហារពីជំងឺ COVID-19 កើនដល់ ៩,៣៣១ ករណី។ ការស្លាប់ថ្មី ១នាក់ បន្ថែមទៀតក៏ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យចំនួនស្លាបកើនដល់ ៦៦នាក់។

អ្នកជំងឺ COVID-19 ដែលបានស្លាប់ថ្មីចុងក្រោយនេះ មានអាយុ ៦៣ឆ្នាំ គឺជាអ្នកបើករថយន្តដឹកពលករចំណាកស្រុកចេញចូល កន្លែងធ្វើការ-ផ្ទះ នៅខេត្តសាមុតសាខន។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី២៧ ខែធ្នូ និងបានស្លាប់នៅថ្ងៃអង្គារម្សិលមិញនេះ។ ក្នុងចំណោមករណីថ្មីទាំង ៣៦៥ ករណី គឺមានករណីចំនួន ២៥០ ជាការឆ្លងក្នុងសហគមន៍ ហើយមានអ្នកជំងឺ ៩៩នាក់ គឺជាពលករចំណាកស្រុក។
ជម្រាបដែរថា ការឆ្លងថ្មីៗនៅក្នុងប្រទេសថៃក្នុងរយៈពេលចុងក្រោយនេះ គឺមានចំនួនច្រើនគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យប្រទេសនេះសម្រចពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ដាច់ខែកុម្ភៈ។ ប៉ុន្តែយ៉ាងណាភាគច្រើននៃករណីជំងឺ COVID-19 គឺបានកើតមានលើពលករចំណាកស្រុក មិនដូចជារលកមុននោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍