ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន ២០៥នាក់ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបមានជិត ១ម៉ឺននាក់
រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២០៥ករណី ដោយក្នុងនោះមានការឆ្លងក្នុងស្រុកចំនួន ១៣១ករណី, ៥៨ករណី មានទំនាក់ទំនងជាមួយករណីមុនៗ និង ១៦ករណី ជាករណីនាំចូល ដែលនាំឱ្យចំនួនសរុបមានដល់ ៩ ៨៤១ ករណី។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការឆ្លងថ្មីក្នុងមូលដ្ឋានរួមមាន ៣៧នាក់ នៅខេត្តសាមុតសាខន, ២៩នាក់ នៅក្រុងបាងកក, ២២នាក់ នៅសាមុតប្រាកាន, ១០នាក់ នៅឈុនបូរី និង ៤នាក់ នៅណាខុនផាថូម។

ករណីថ្មីៗចំនួន ៥៨ ដែលមានទំនាក់ទំនងជាមួយករណីសកម្មមុនៗរួមមាន៖ ២១ករណី នៅសាមុតសាខន និង ២១ករណី នៅឈុនបូរី, ៩ករណី នៅច័ន្ទបុរី និង ៧ករណី នៅខេត្តរ៉ាក់យ៉ង។ ជម្រាបដែរថា ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ជំងឺ COVID-19 នៅប្រទេសថៃបានរីករាលដាលដល់ ៥៧ ខេត្តក្រុង។ គិតមកទល់ពេលនេះចំនួនករណីជំងឺ COVID-19 សរុបក្នុងប្រទេសថៃមានដល់ ៩,៨៤១ករណី ដោយក្នុងនោះមានអ្នកជាសះស្បើយ ៥,២៥៥ នាក់ ឬ ៥៣.៤% និងការស្លាប់សរុបមានចំនួន ៦៧នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍