ចក្រភពអង់គ្លេសកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១,៣២៥នាក់ ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋចំនួន ១,៣២៥ នាក់ នៅក្នុងចក្រភពអង់គ្លេសបានស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងរយៈពេល ២៨ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានរបស់ពួកគេ ដែលនេះគឺជាតួលេខស្លាប់ច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីប្រទេសនេះបានប្រឈមនឹងជំងឺរាតត្បាត COVID-19 ។ វាមានន័យថា ពេលនេះចក្រភពអង់គ្លេសមានចំនួនអ្នកស្លាប់សរុប ៨០ ០០០ នាក់ ខណៈមានករណីថ្មីចំនួន ៦៨ ០៥៣ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។

ភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា៖ «ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងរហូតដល់យើងអាចបញ្ឈប់ការរីករាលដាល»។ វាកើតឡើងនៅពេលដែលរដ្ឋាភិបាលបើកយុទ្ធនាការថ្មីមួយនៅក្នុងប្រទេសអង់គ្លេស ដោយជំរុញឱ្យប្រជាជន «ធ្វើដូចជាអ្នកបានឆ្លងវីរុសនេះ»។ យុទ្ធនាការនេះរួមទាំងការផ្សាយពាណិជ្ជកម្ម ដែលដឹកនាំដោយប្រមុខវេជ្ជសាស្ត្រអង់គ្លេសគឺលោកសាស្ត្រាចារ្យ Chris Whitty ដែលមានគោលបំណងដើម្បីរំលឹកដល់សាធារណជនថា ជំងឺ COVID-19 កំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស ដោយមានមនុស្សមួយចំនួនធំមិនមានរោគសញ្ញាអ្វីទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC