ព្រឹកនេះ អាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជិត២៥ម៉ឺននាក់ និងស្លាប់ជាង៣ពាន់នាក់
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២២,៦៩៩,៩៣៨នាក់ក្នុងនោះអ្នកជំងឺសរុប ១៣,៣៩៣,០៧៨ បានជាសះស្បើយ និងជាង ៣៨ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីសរុប ២៤៩,៥១៩នាក់ និងអ្នកជំងឺ ៣,២៣៥នាក់ បានស្លាប់។

គួរបញ្ជាក់ផងដែរថា តាមតួលេខខាងលើ សហរដ្ឋអាមេរិកឈរនៅលេខរៀងទីមួយក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេ។
ជាមួយគ្នានោះប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាមេរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,៤៥១,៣៤៦នាក់ក្នុងនោះអ្នកើតជំងឺជាង ១៥ម៉ឺននាក់បានស្លាប់ និងជាង ១០លាននាក់ទៀត បានជាសះស្បើយ។
ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប៨,០៧៥,៩៩៨នាក់ ក្នុងនោះអ្នកជំងឺជាង ២០ម៉ឺននាក់ បានស្លាប់ និងជាង ៧លាននាក់ទៀត បានជាសះស្បើយ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩០,០១១,២៧៨ករណី ហើយក្នុងនោះមនុស្សជាង ១.៩លាននាក់ស្លាប់ និងជាង ៦៤លាននាក់ បានជាសះស្បើយឡើងវិញ។ នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង ៦៧ម៉ឺននាក់ និងជាង ១ម៉ឺននាក់ទៀត បានស្លាប់៕

ប្រភព៖ ក្រសួងព័ត៌មាន