ថ្ងៃនេះ ថៃរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ២៤៩នាក់បន្ថែមទៀត ក្នុងនោះ២២៤នាក់ជាករណីឆ្លងក្នុងសហគមន៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានបន្ថែមករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៤៩ករណី ក្នុងនោះមាន ២២៤ករណី ជាការចម្លងតាមមូលដ្ឋាន ដែលធ្វើឱ្យចំនួនករណីដែលបានបញ្ជាក់សរុបមានរហូតដល់ ១០,៥៤៧ ករណី។ យ៉ាងណាក៏ដោយមិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ ដូច្នេះការស្លាប់នៅតែរក្សាត្រឹម ៦៧នាក់ ដដែល។

យោងតាមគណនី Twitter របស់ផ្នែកទំនាក់ទំនងសាធារណៈនៅការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា មាន ១១ករណី ក្នុងចំណោម ២៤៩ ករណីថ្មី គឺជាមនុស្សដែលបានធ្វើដំណើរតាមជើងហោះហើរ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសថៃវិញ ហើយត្រូវបានដាច់នៅដាច់ដោយឡែក។ ចំណែកមនុស្ស ១៤នាក់ ទៀតគឺជាអ្នកដែលធ្វើដំណើរពីបរទេស។ រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍នេះបានប្រកាសដែរថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងចាប់ផ្តើមនៅក្នុងប្រទេសថៃនៅខែកុម្ភៈខាងមុខនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍