ស្វាហ្គោរីឡា ៣ក្បាល នៅសួនសត្វក្នុងរដ្ឋកាលីហ្វ័រញ៉ា តេស្ដវិជ្ជមានជំងឺកូវីដ១៩ ដោយមានរោគសញ្ញាស្រដៀងមនុស្ស ដូចជាថប់ដង្ហើម និងក្អកជាដើម ហើយសង្ស័យឆ្លងដោយរបៀបនេះ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា យ៉ាងហោចណាស់មានសត្វស្វាហ្គោរីឡាចំនួន ៣ក្បាល នៅឯសួន Safari ក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វ័រញ៉ា បានឆ្លងជំងឺ COVID-19 ។ វាគឺជាករណីលើសត្វស្វាហ្គោរីឡាដំបូងបង្អស់នៅសហរដ្ឋអាមេរិក ហើយហ្គោរីឡាទាំងនោះទំនងជាបានឆ្លងជំងឺ COVID-19 ពីបុគ្គលិកដែលមានជំងឺមិនចេញរោគសញ្ញា (asymptomatic) ។ មន្ទីរពិសោធន៍បសុព្យាបាលរបស់មន្ទីរកសិកម្មសហរដ្ឋអាមេរិកបាននិយាយថា សមាជិកនៃសត្វហ្គោរីឡាទាំង ៨ក្បាល នៅឯសួនសត្វនោះកំពុងត្រូវបានធ្វើតេស្ត និងត្រួតពិនិត្យម្តងទៀត បន្ទាប់ពីសត្វហ្គោរីឡា ៣ក្បាល បានតេស្ដវិជ្ជមានកាលពីថ្ងៃច័ន្ទ។

ខាងសួន Safari បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ខណៈដែលលទ្ធផលនៃការធ្វើតេស្តបញ្ជាក់ពីឆ្លងជំងឺក្នុងចំណោមសត្វមួយចំនួន ពួកគេមិនអាចមើលរំលងនូវវត្តមានរបស់ជំងឺនៅក្នុងចំណោមសមាជិកដទៃទៀតនោះទេ» ហើយពួកគេត្រូវតែបង្កើនការពិនិត្យសុខភាពរបស់បុគ្គលិកធ្វើការក្នុងសួនបន្ថែមទៀត។ យោងតាមនាយកប្រតិបត្តិឧទ្យានម្នាក់ឈ្មោះ Lisa Peterson បានឱ្យដឹងថា សត្វហ្គូរីឡាពេលនេះមានសុខភាពល្អ ប៉ុន្តែកំពុងមានរោគសញ្ញាស្រដៀងនឹងមនុស្ស ដូចជាថប់ដង្ហើម និងក្អកជាដើម។ ឥឡូវនេះពួកគេកំពុងត្រូវបានព្យាបាល ទទួលអាហារ និងនៅដាច់ដោយឡែកពីគេ ខណៈដែលខាងសួនសត្វសង្ឃឹមថា ពួកវានឹងអាចបានជាសះស្បើយឆាប់ៗនេះ៕
Members of our gorilla troop tested positive for SARS-CoV-2, the virus that causes COVID-19. Aside from some congestion and coughing, the gorillas are doing well and we are hopeful for a full recovery. Read the full update: https://t.co/HIezWKBFxG pic.twitter.com/MAkPYPzxWP
— San Diego Zoo Safari Park (@sdzsafaripark) January 11, 2021

អត្ថបទ៖ លីដា
ប្រភព៖ RT