ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នៅអង់គ្លេសរយៈពេលតែ១ថ្ងៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាង ១៥០០នាក់កាលពីម្សិលមិញ

    BY autoadmin January 14, 2021
    នៅអង់គ្លេសរយៈពេលតែ១ថ្ងៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាង ១៥០០នាក់កាលពីម្សិលមិញ

    អង់គ្លេសបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ប្រចាំថ្ងៃដ៏ច្រើនបំផុតរបស់ខ្លួន ខណៈដែលជំងឺ COVID-19 ប្រភេទថ្មីកំពុងរាលដាលពាសពេញប្រទេសនេះ។ ជម្រាបដែរថា ស្ថានភាពជំងឺ COVID-19 នៅអង់គ្លេសមិនបានធូរស្រាលវិញនោះទេ ហើយការស្លាប់ច្រើនជាង ១,០០០ នាក់ ជាមធ្យមត្រូវបានបញ្ជាក់រៀងរាល់ថ្ងៃចាប់តាំងពីដើមខែនេះ។ តួលេខចំនួនអ្នកស្លាប់នៅថ្ងៃពុធគឺខ្ពស់បំផុត ដោយមានចំនួន ១,៥៦៤ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមានលើសពី ៨៤,០០០ នាក់។

    នាយករដ្ឋមន្រ្តីលោក Boris Johnson បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃពុធថា អ្នកជំងឺប្រមាណ ៣២,០០០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលប្រហែល ៧០% ច្រើនជាងអំឡុងពេលនៃការឡើងខ្ពស់នៃករណីឆ្លងលើកដំបូងក្នុងខែមេសា។ លោកបានព្រមានថា វានឹងមានហានិភ័យខ្ពស់ និងកង្វះខាតបន្ទប់ ICU នៅពេលដែលករណីបន្ដកើនឡើងហួសប្រមាណ ហើយវាបានដាក់បន្ទុកយ៉ាងខ្លាំងដល់បុគ្គលិកពេទ្យ។

    លោកនាយករដ្ឋមន្ត្រីបានទទូចដល់សាធារណជនឱ្យគោរពតាមច្បាប់នៃការបិទទ្វារ និងជៀសវាងការទាក់ទងសង្គមខាងក្រៅ។ គាត់ក៏បាននិយាយផងដែរថា ការចាក់វ៉ាក់សាំងជំងឺ COVID-19 នឹងត្រូវផ្តល់ជូន ២៤ ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅពេលដែលការផ្គត់ផ្គង់ត្រូវបានរៀបចំរួច។ គួរឱ្យដឹងដែរថា ពលរដ្ឋអង់គ្លេស ២.៦ លាននាក់ បានចាក់វ៉ាក់សាំងបង្ការរួចហើយ ខណៈដែលរដ្ឋមានបំណងចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ១៥ លាននាក់ ដែលងាយរងគ្រោះ និងបុគ្គលិកពេទ្យជួរមុខ ឱ្យបានត្រឹមថ្ងៃទី១៥ ខែកុម្ភៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: