រដ្ឋបាលចំណីអាហារនិងឪសថថៃ បានអនុម័តចែកចាយវ៉ាក់សាំងកូវីដ១៩ ប្រភេទនេះប្រើជាបន្ទាន់ក្នុងប្រទេសខ្លួនជាផ្លូវការ
អន្តរជាតិ January 22, 2021 lyda

រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) បានអនុម័តការចែកចាយវ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសរបស់ពួកគេ ហើយដូសដំបូងចំនួន ៥០,០០០ ដូស នឹងមកដល់ប្រទេសថៃក្នុងខែកុម្ភៈនេះ។ អគ្គលេខាធិការរបស់ FDA លោក Paisarn Dunkum កាលពីម្សិលមិញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានប្រកាសថា ការយល់ព្រមត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន AstraZeneca កាលពីថ្ងៃពុធ បន្ទាប់ពីទទួលបានឯកសារជាង ១០,០០០ ទំព័រ ពីក្រុមហ៊ុនអង់គ្លេសមួយនេះ សម្រាប់ការចុះបញ្ជីការប្រើប្រាស់បន្ទាន់ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។

ការអនុម័តនេះអនុញ្ញាតឱ្យវ៉ាក់សាំងចំនួន ៥០,០០០ ដូសដំបូង អាចមកដល់ប្រទេសថៃក្នុងខែកុម្ភៈ ហើយអាជ្ញាប័ណ្ណនាំចូល និងការចុះបញ្ជីវ៉ាក់សាំង នឹងមានសុពលភាពរយៈពេលមួយឆ្នាំ។ យោងតាមលោក Paisarn Dunkum បានឱ្យដឹងថា វ៉ាក់សាំងជាច្រើនទៀតដែលមានរហូតដល់ ១៥០,០០០ ដូស នឹងត្រូវដឹកជញ្ជូនក្នុងខែមីនា និងមេសា។

ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រវេជ្ជសាស្ត្រនឹងធ្វើតេស្តនូវកម្រិតដូសរបស់វ៉ាក់សាំង នៅពេលដែលពួកវាមកដល់ប្រទេសថៃមុនចែកចាយជាសាធារណៈ។ លោកអគ្គលេខាធិការបាននិយាយថា ទាក់ទងនឹងការផលិតវ៉ាក់សាំងក្នុងស្រុក ប្រហែលមួយលានដូស នឹងត្រូវផលិតដោយក្រុមហ៊ុន Siam Bioscience តាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca ហើយនឹងមានសម្រាប់ប្រជាជនថៃនៅខែឧសភា៕

អត្ថបទ៖ លីដា
ប្រភព៖ The Pattaya News