មកវិញទៀតហើយ! ក្រោយស្ងាត់ករណីកូវីដ១៩ក្នុងសហគមន៍បាន២ខែ ឥឡូវវៀតណាមកំពុងដាក់ការរឹតត្បឹតទីក្រុងមួយរបស់ខ្លួន បន្ទាប់ពីរកឃើញករណីថ្មីចំនួន ២ករណី
- BY
- autoadmin
- January 28, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានឱ្យដឹងថា ទីក្រុង Hai Duong របស់ប្រទេសវៀតណាម បានចាប់ផ្តើមអនុវត្តការរក្សាគម្លាត ចាប់ផ្តើមពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះតទៅ ហើយគ្រប់ពលរដ្ឋ គ្រួសារនីមួយៗ ភូមិ ឃុំ និងស្រុក នឹងត្រូវនៅដាច់ដោយឡែកដោយខ្លួនឯង។ ពលរដ្ឋនឹងមិនអាចចេញក្រៅនោះទេ លើកលែងតែមានការចាំបាច់ដូចជា៖ ទិញអាហារ គ្រឿងអាហារ និងថ្នាំពេទ្យ។

អ្នកសង្គ្រោះបន្ទាន់ ធ្វើការរោងចក្រ សហគ្រាស ផលិតកម្ម កន្លែងលក់ដូរ សេវាកម្ម និងទំនិញសំខាន់ៗ នៅត្រូវបានលើកលែងលើការបិទបណ្តោះអាសន្ននេះ ក៏ដូចជាករណីបន្ទាន់ផ្សេងទៀត។ អាជ្ញាធរបានណែនាំឱ្យមានការរក្សាគម្លាតពីគ្នា ២ម៉ែត្រ និងមិនត្រូវប្រមូលផ្ដុំគ្នាលើសពី ២នាក់ នៅខាងក្រៅ កន្លែងធ្វើការ សាលារៀន មន្ទីរពេទ្យ ឬកន្លែងសាធារណៈនោះទេ។
អាជ្ញាធរនៅថ្ងៃព្រហស្បតិ៍នេះ បានរកឃើញករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២ ករណី ហើយវៀតណាមផ្ទាល់ក៏បានរកឃើញករណីចំនួន ៨២ នាក់ផ្សេងទៀត នៅទីក្រុង Chi Linh នៃខេត្ត Hai Duong និង ស្រុក Van Don នៃខេត្ត Quang Ninh ។ វាគឺជាលើកដំបូងក្នុងរយៈពេល ២ខែ ចុងក្រោយនេះ ដែលប្រទេសវៀតណាមប្រឈមនឹងការឆ្លងក្នុងសហគមន៍សារជាថ្មី។
ព្រឹកថ្ងៃនេះខេត្ត Quang Ninh និង Hai Duong បានប្រាប់សិស្សប្រមាណ ៥០០ ០០០ នាក់ ឱ្យស្នាក់នៅផ្ទះជាបណ្ដោះអាសន្ន។ ការបង្គាប់នេះនឹងគ្រប់ដណ្ដប់លើនិស្សិតប្រមាណ ២០០ ០០០ នាក់ មកពីសាលាមត្តេយ្យដល់សាកលវិទ្យាល័យនានា ក្នុងខេត្ត Hai Duong និងជាង ៣០០ ០០០ នាក់ នៅខេត្តQuang Ninh នៅភាគខាងជើងប្រទេសវៀតណាម៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






