កូវីដ-១៩

ឃាត់ខ្លួនមនុស្សជាង ៨០នាក់ ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំង កូវីដ-១៩ ក្លែងក្លាយនៅប្រទេសចិន

BY
autoadmin
February 2, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសចិនបាននិយាយថា ខ្លួនកំពុងតែបង្ក្រាបនូវបទឧក្រិដ្ឋមួយ ដែលទាក់ទងនឹងការបង្កើត «វ៉ាក់សាំងក្លែងក្លាយ» សម្រាប់ជំងឺ COVID-19 ដែលបានដំណើរការតាំងតែពីខែកញ្ញា។ សារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា នាយកដ្ឋានប៉ូលីសនៅខេត្តជាំងស៊ូ ទីក្រុងប៉េកាំង និងខេត្តសានដុង បានចាប់ខ្លួនមនុស្សជាង ៨០នាក់ ដែលពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងជំងឺ COVID-19 ក្លែងក្លាយចំនួនជាង ៣,០០០ ដូស។

ក្រសួងសន្តិសុខសាធារណៈចិនកំពុងស៊ើបអង្កេតលើឧក្រិដ្ឋកម្ម ដែលទាក់ទងទៅនឹងការផលិត និង ការលក់វ៉ាក់សាំងក្លែងក្លាយ និង «ការអនុវត្តថ្នាំនិងការក្លែងបន្លំខុសច្បាប់ ក្រោមរូបភាពចាក់ថ្នាំបង្ការ»។ ប៉ូលីសបានរកឃើញថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ តរៀងមក អ្នកប្រព្រឹត្តបទល្មើសទាំងនេះបានទទួលប្រាក់ចំណេញយ៉ាងច្រើន ក្រោមរូបភាពចាក់ថ្នាំបង្ការ COVID-19 ដោយប្រើវ៉ាក់សាំងក្លែងក្លាយ និងផលិតវ៉ាក់សាំងក្លែងក្លាយ ដើម្បីលក់បានតម្លៃថ្លៃ។ ជម្រាបដែរថា ប្រទេសចិនកំពុងចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋដែលងាយរងហានិភ័យ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac និង Sinopharm ។​

វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំង ២ មានប្រសិទ្ធភាព ៧៨% ដូចគ្នា ប៉ុន្តែប្រសិទ្ធភាពវ៉ាក់សាំរបស់ Sinovac នៅក្នុងការសាកល្បងនៅឯប្រទេសប្រេស៊ីល មានប្រសិទ្ធភាពតែ ៥០.៣៨% ប៉ុណ្ណោះ។ យ៉ាងណាក្រុមហ៊ុន Sinovac នៅតែបន្ដឈរលើជំហររបស់ខ្លួន ទោះបីជាអ្នកវិទ្យាសាស្ត្រទាមទាររកទិន្នន័យបន្ថែមឱ្យបានច្រើនជាងនេះក៏ដោយ។ ចំណែក Sinopharm ដែលជាក្រុមហ៊ុនឱសថរបស់រដ្ឋវិញ វាត្រូវបានគេអនុម័តឱ្យមានការប្រើប្រាស់មុនគេបង្អស់នៅប្រទេសចិន ជាមួយនឹងប្រសិទ្ធភាព​ ៧៩.៣៤% នៅក្នុងការសាកល្បងរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: