កូវីដ-១៩

គិតមកទល់ពេលនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ លើស ២០,០០០ នាក់ហើយ

BY
autoadmin
February 2, 2021

យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ សម្រាប់ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា គិតមកទល់ពេលនេះ ប្រទេសថៃមានករណីជំងឺ COVID-19 សរុបជាង ២០,០០០ នាក់ បន្ទាប់ករណីថ្មីចំនួន ៨៣៦ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ មានការស្លាប់ថ្មីចំនួន ២នាក់ ត្រូវបានបញ្ជាក់ផងដែរ ដែលនាំឱ្យចំនួននៃការស្លាប់មានដល់ ៧៩នាក់។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨១៩ ករណី ជាការចម្លងក្នុងសហគមន៍ និងមាន ១៧ ករណី ជាការនាំចូលពីបរទេស។

ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ មានករណីចំនួន ៧១០ គឺជាការរកឃើញតាមរយៈការចុះធ្វើតេស្តតាមសហគមន៍ ដែលបានប៉ះពាល់ ឬមានិភ័យខ្ពស់ពីជំងឺ COVID-19 ហើយក្រៅពីនោះគឺជាអ្នកដែលទៅស្វែងរកការធ្វើតេស្ដនៅតាមមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ទាំង ២០,៤៥៤ នាក់ មានអ្នកជំងឺ ១៣,២១៧ នាក់ ឬ ៦៤% បានជាសះស្បើយ ខណៈដែលអ្នកជំងឺ ៧,១៥៨ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: