កូវីដ-១៩

ប្រទេសថៃកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីបន្ថែមចំនួន ៧៩៥ ករណី ដោយក្នុងនោះមាន ៧៥៩ ករណី ត្រូវបានរកឃើញនៅខេត្តសាមុតសាខន

BY
autoadmin
February 3, 2021

យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ៧៩៥ ករណី ដោយក្នុងនោះមានការចម្លងក្នុងស្រុកចំនួន ៧៨៣ ករណី និងការនាំចូលពីបរទេសចំនួន ១២ ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២១,២៤៩ ករណី ។ ពុំមានការស្លាប់ថ្មីត្រូវបានគេរាយការណ៍នោះទេ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៧៩នាក់ ដដែល។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បានមានប្រសាសន៍ថា ក្នុងចំណោមករណីក្នុងស្រុកទាំង ៧៨៣ ករណី មានករណីចំនួន ៧៥៩ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍នៃខេត្តសាមុតសាខន និង ២៤ ករណី ត្រូវបានបញ្ជាក់នៅតាមការពិនិត្យនៅមន្ទីរពេទ្យ។ ករណីចំនួន ៧៥៩ ដែលត្រូវបានរកឃើញនៅខេត្តសាមុតសាខន មានអ្នកជំងឺ ៦៦២នាក់ ជាពលករមីយ៉ាន់ម៉ា, ៩២នាក់ ជាជនជាតិថៃ, ៣នាក់ ជាកម្ពុជា និង ២នាក់ ជាជនជាតឡាវ។

ក្នុងចំណោមករណីសរុបទាំង ២១,២៤៩ ករណី មានអ្នកជំងឺចំនួន ១៤,០០១ (៦៥.៨%) បានជាសះស្បើយ និងមានអ្នកជំងឺ ៧,១៦៩ នាក់ កំពុងទទួលការព្យាបាល។ ចាប់តាំងពីរលកថ្មីនៃជំងឺ COVID-19 តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ប្រទេសនេះបានកត់ត្រាករណីចំនួន ១៧,០១២ ករណី ដោយមាន ៧៨.២% ត្រូវបានរកឃើញនៅសាមុតសាខន, ៤.៩% នៅទីក្រុងបាងកក និង ១៦.៨% នៅតាមខេត្តដទៃទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: