មន្ទីរអប់រំ សម្រេចប្តូរគ្រូបង្រៀនម្នាក់នៅសាលាសន្ធរម៉ុក អោយទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ ក្រោយរកឃើញថា ពិតជាបានយកលុយសិស្សមួយខែ៦ម៉ឺនរៀលមែន
កាលពីពេលថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយក្រោយអាណាព្យាបាលសិស្សម្នាក់បានទម្លាយរឿងរ៉ាវក្នុងបណ្តាញសង្គម Facebook អំពីអ្នកគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុក បានតម្រូវអោយកូនគាត់បង់លុយមួយខែ៦ម៉ឺនរៀលជាថ្លៃដឹកគុណគ្រូ រហូតមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អាណាព្យាបាល។ ថ្មីៗនេះដែរប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានអោយអ្នកសារព័ត៌មានដឹងថា មន្ទីរអប់រំ បានសម្រេចផ្លាស់អ្នកគ្រូបង្រៀនរូបនោះ ទៅបង្រៀននៅសាលាបឋមសិក្សាសែនសុខវិញ ក្រោយរកឃើញកំហុសឆ្គង ចំពោះការយកលុយសិស្សខាងលើ។

ជុំវិញករណីនេះដែរ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានអោយអ្នកសារព័ត៌មានដឹងថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេសគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាលដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែងហើយអាចមានសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាជាសេនាធិការរបស់ក្រសួង ហើយក្រសួងអប់រំបាននឹងបន្តនិងគ្រប់គ្រងសាលារៀនដើម្បីបន្តពង្រឹងកំណែទម្រង់អប់រំយុវជននិងកីឡា៕
