កូវីដ-១៩

ក្បែរ១ពាន់រាល់ថ្ងៃ! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី បន្ថែម ៨០៩ ករណីទៀត ដែលនាំឱ្យការឆ្លងសរុបមានដល់ ២២,០៥៨ ករណី

BY
autoadmin
February 4, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨០៩ ករណី ដោយក្នុងនោះមានករណីក្នុងសហគមន៍ចំនួន ៧៩៦ ករណី និងការនាំចូលចំនួន ១៣ ករណី ដែលនាំឱ្យចំនួនសរុបចាប់តាំងពីប្រទេសថៃមានវត្តមាននៃជំងឺ COVID-19 មានរហូតដល់ ២២,០៥៨ ករណី ។ ថ្ងៃនេះគឺពុំមានការស្លាប់ថ្មីត្រូវបានកត់ត្រានោះទេ ដូច្នេះការស្លាប់សរុបនៅតែមាន ៧៩នាក់ ដដែល។

លោក Taweesilp Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 បានឱ្យដឹងថា ក្នុងចំណោមករណីក្នុងស្រុកទាំងអស់ មានករណីចំនួន ៧៥១ ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដនៅតាមសហគមន៍ និង ៤៥ ករណី ត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យ។ លោកបានបន្ថែមថា ករណីថ្មីភាគច្រើនគឺមិនបានចេញរោគសញ្ញានោះទេ ដែលនេះវាបានធ្វើមន្ត្រីសុខាភិបាល មានការពិបាកក្នុងការគ្រប់គ្រងជំងឺ។

ក្នុងចំណោមករណីទាំង ២២,០៥៨ ករណី មានករណីចំនួន ១៤,៧៩៨ ឬ ៦៧% បានជាសះស្បើយពីជំងឺ និងមានអ្នកជំងឺ ៧,១៨១ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ ករណីជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៤៨៧,៨៣៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនសរុបមានដល់ ១០៤.៩០ លានករណី ហើយការស្លាប់សរុបបានកើនដល់ ២.២៨ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: