កូវីដ-១៩

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៩០ករណី ដោយក្នុងនោះក៏មានពលរដ្ឋខ្មែរម្នាក់ផងដែរ

BY
autoadmin
February 6, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤៩០ ករណី ដោយក្នុងនោះមាន ១០ ករណី ជាការនាំចូលពីបរទេស និងត្រូវបានគេដាក់ឱ្យសម្រាកនៅដាច់ដោយឡែក។ ក្នុងចំណោមករណីនាំចូលទាំងអស់ ក៏មានម្នាក់ជាជនជាតិខ្មែរផងដែរ ដែលគាត់បានឆ្លងដែនពីប្រទេសម៉ាឡេស៊ី។

គិតត្រឹមថ្ងៃសៅរ៍នេះចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៣,១៣៤ ករណី ហើយក្នុងនោះមាន ២០,៦០៥ ករណី ជាការចម្លងនៅក្នុងសហគមន៍ និង ១៣,២៣៦ ករណី ត្រូវបានរកឃើញតាមរយៈការសាកល្បងទ្រង់ទ្រាយធំ នៅតាមសហគមន៍ដែលមានហានិភ័យខ្ពស់ ខណៈដែលអ្នកជំងឺ ២,៥២៩ នាក់ ជាការនាំចូលពីបរទេស។ អ្នកជំងឺ COVID-19 សរុបចំនួន ១៦,២៧៤ នាក់ បានជាសះស្បើយ ហើយអ្នកជំងឺចំនួន ៦,៧៨១ នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។ ពុំមានអ្នកស្លាប់ថ្មីត្រូវបានបញ្ជាក់ទេ ដូច្នេះការស្លាប់នៅតែមាន ៧៩នាក់ ដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: