រដ្ឋាភិបាលថៃបានកត់ត្រាករណីជំងឺកូវីដ១៩ថ្មីបន្ថែមចំនួន ១៨៦ករណី សម្រាប់ថ្ងៃច័ន្ទនេះ ដែលជាចំនួនតិចគួរឱ្យកត់សម្គាល់មួយ
- BY
- autoadmin
- February 8, 2021
រដ្ឋាភិបាលថៃនៅថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៨៦ ករណី ដែលនាំឱ្យចំនួនសរុបចាប់តាំងពីប្រទេសនេះប្រឈមជាមួយជំងឺ COVID-19 តាំងពី១ឆ្នាំមុន បានកើនឡើងដល់ ២៣,៥៥៧ ករណី។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែមាន ៧៩ នាក់ដដែល។ ក្នុងចំណោមករណីថ្មីៗទាំងអស់ មានតែករណីចំនួន ៣៥ ប៉ុណ្ណោះ ដែលចេញពីការធ្វើតេស្ដនៅតាមសហគមន៍រងហានិភ័យខ្ពស់ ដែលវាគឺជាតួលេខតិចបំផុតមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

យ៉ាងណាក៏ដោយចំនួនអ្នកជំងឺ COVID-19 ដែលត្រូវបានរកឃើញតាមរយៈការស្វែងរកការធ្វើតេស្ដនៅតាមមន្ទីរពេទ្យហាក់មានការកើនឡើង ដោយមានករណីសរុប ១៤១ ករណី ហើយករណីនាំចូលសម្រាប់បញ្ជីនៅថ្ងៃច័ន្ទនេះគឺមានតែ ១០ ករណីប៉ុណ្ណោះ។ ចាប់តាំងពីប្រទេសថៃមានករណីជំងឺ COVID-19 រហូតដល់ពេលនេះ ប្រទេសនេះមានករណីក្នុងសហគមន៍សរុបចំនួន ២១,០០៦ ករណី បូករួមទាំងករណីចំនួន ១៣,៣៨៣ ត្រូវបានរកឃើញនៅតាមការធ្វើតេស្ដក្នុងសហគមន៍មានហានិភ័យខ្ពស់ និង ២,៥៥១ ករណី ជាការនាំចូល។ អ្នកជំងឺចំនួន ១៧,៤១០ នាក់ ត្រូវបានគេព្យាបាលឱ្យជាសះស្បើយ និងមានអ្នកជំងឺ ៦,០៦៨ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






