គ្រូពេទ្យណែនាំឲ្យឯកឧត្តម ហ៊ុន ម៉ានី ពន្យារពេល២សប្តាហ៍សិនមុនចាក់វ៉ាក់សាំងកូវីដ១៩ ដោយសារតែមានជំងឺផ្តាសាយធំ
កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះអ្នកមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ ទើបអាចចាក់បាន។ នាព្រឹកមិញនេះផងដែរ កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានិត បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់អស់ហើយ ប៉ុន្តែឯកឧត្តម ហ៊ុន ម៉ានី ត្រូវលើកពេលចាក់វ៉ាក់សាំង ដោយសារតែឯកឧត្តមមានជំងឺផ្តាសាយធំ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមថា “ព្រឹកនេះ ខ្ញុំបានមកពិគ្រោះដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែដោយស្ថានភាពខ្ញុំកំពុងមានជំងឺផ្តាសាយធំ ក្រុមគ្រូពេទ្យបានណែនាំឱ្យខ្ញុំរង់ចាំ២សប្តាហ៍សិន ទើបអាចឱ្យខ្ញុំទទួលការចាក់វ៉ាក់សាំងនេះបាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឥស្សរជន និងថ្នាក់ដឹកនាំដទៃទៀតដែលបំពេញលក្ខខ័ណ្ឌ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះបន្តបន្ទាប់ហើយ។ បើទោះជាខកខាន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពគត់មត់របស់ក្រុមគ្រូពេទ្យជំនាញយើង ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ ខ្ញុំក៏សូមសំដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៏ស្ម័គ្រចិត្ត ក្រោយពីបានសិក្សា និងវាយតម្លៃច្បាស់លាស់ពីប្រិសិទ្ធភាពនៃវ៉ាក់សាំងនេះ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ នៅពេល ០២សប្តាហ៏បន្ទាប់ ក្រោយស្ថានភាពជំងឺផ្តាសាយខ្ញុំបានធូរស្បើយ”៕

