សម័យនេះហើយ នៅយកល្បិចបែបនេះមកដើរបោកគេទៀត ចុងក្រោយត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ពីបទទម្លាក់មាសកាឡៃ ដូរយកទ្រព្យសម្បត្តិអ្នកដទៃ (ទម្លាក់យោង) ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ សួន ចាន់ធឿន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ លី ណា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកទូកមាស ខេត្តកំពត។ សមត្ថកិច្ចបានអោយដឹងថា ប្រជាពលរដ្ឋបានឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើ យកប្រគល់មកឲ្យសមត្ថកិច្ចពាក់ព័ន្ធករណីទម្លាក់យោង បន្លំយកកាបូបលុយជនរងគ្រោះដែលមាន លុយចំនួន១៥០០$(មួយពាន់ប្រាំរយដុល្លា) និងខ្សែកផ្លាកទីន៥ជី នៅចំណុចផ្សារសាមគ្គី ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទ្រព្យសម្បត្តិខាងលើជាមួយឈ្មោះ ស្រី ស ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ម្ដុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរត់គេចខ្លួន។ ករណីខាងលើកំពុងតែធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





ដោយ៖ បងម៉េង ខ្មែរណូត