ព័ត៌មានជាតិ
ចាប់ពីថ្ងៃស្អែកទៅ ទោចក្រយានយន្តនឹងត្រូវបានហាមឃាត់មិនឱ្យជិះលើកំពែងក្រុងអង្គរធំក្នុងរមណីយដ្ឋានអង្គរ
BY Khmernote Media
February 16, 2021
ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ព័ន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖

១.ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។
២.អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើងនិងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ។ កិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ៕
