នារីដែលរត់ចេញពីមណ្ឌលចត្តាឡីស័កទៅតាមសង្សារ ឥលូវនេះមន្ត្រីសុខាភិបាលបានរកឃើញហើយ និងនាំយកមកធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះធា ជីថា ស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមការបញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ នារីដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃេីញហើយ និងយករូបនាងទៅកាន់មណ្ឌលចត្តាឡីស័កវិញ។ លោកជំទាវ បានបញ្ជាក់ទៀតថា នារីដែលរត់ចេញពីមណ្ឌលចត្តាឡីស័ករូបនេះនឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឡើងវិញ ហើយក្រុមមន្ត្រីសុខាភិបាល ក៏កំពុងតែតាមរកអ្នកពាក់ព័ន្ធ ដើម្បីយកមកធ្វើចត្តាឡីស័កផងដែរ៕

រូបភាព៖ Freshnews