ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញម្ចាស់ភ្លេចដកសោរឡាន ចូលទៅលួចបើកចេញទៅបាត់ ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media February 17, 2021
    ឃើញម្ចាស់ភ្លេចដកសោរឡាន ចូលទៅលួចបើកចេញទៅបាត់ ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់

    ខេត្តសៀមរាប៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ភូ វុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (រថយន្ត) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

    លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី នៅក្នុងចំណុចទល់មុខ កន្លែងលក់គ្រឿងបន្លាសរថយន្ត យីហោ ខ្លាសរ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

    ជនរងគ្រោះឈ្មោះ ឆាយ រតនៈ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរលក់គ្រឿងអគ្គិសនី បានបើករថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 លេខតួ 5TELU42N35Z098742. លេខម៉ាស៊ីន 1GR0695935 បានចុះមកទិញគ្រឿងបន្លាស់រថយន្ត ដោយមិនបានដកកូនសោរចេញពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត។ ភ្លាមៗនោះ ជនសង្ស័យឈ្មោះ ភូ វុទ្ធី បានធ្វើសកម្មភាព ចូលទៅក្នុងរថយន្តរួចហើយបញ្ឆេះរថយន្ត បើកចេញតែម្ដងតាមបណ្ដោយផ្លូវជាតិលេខ៦ សំដៅទៅទិសខាងកើត ហើយជនរងគ្រោះក៏បានហៅម៉ូតូឌុបដែលនៅក្បែរនោះជិះដេញតាមពីក្រោយជនសង្ស័យ បានចម្ងាយប្រហែល៣០០ម៉ែត្រ ដល់ចំណុចផ្លូវចូល ទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បានឃាត់រថយន្តដែលជនសង្ស័យកំពុងបើកបរ បានភ្លាមៗនឹងរាយការណ៍មកសមត្ថកិច្ចយើង ចុះធ្វើអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យរូបនេះមកធ្វើការសួរនាំ។

    ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះមិនអាចឆ្លើយបំភ្លឺជូនសមត្ថកិច្ចយើងបាននោះទេ ដោយសារជនសង្ស័យមានសភាពដូចជាមនុស្សបែកថ្នាំ ហើយយើងបានធ្វើតេស្តរកសាធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលឃើញថា(វិជ្ជមាន)។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប-Siem Reap Provincial Police

    Share This Post: