ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរច្រកអន្តរជាតិដូង ឱ្យក្រុមអាជីវករ អាចយករថយន្តដឹកទំនិញចេញចូលទឹកដីថៃ ឡើងវិញ

    BY Khmernote Media February 18, 2021
    អាជ្ញាធរច្រកអន្តរជាតិដូង ឱ្យក្រុមអាជីវករ អាចយករថយន្តដឹកទំនិញចេញចូលទឹកដីថៃ ឡើងវិញ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ហម សំខាន់ ប្រធានស្នាក់ការច្រកអន្តរជាតិដូងបានមានប្រសាសន៍ថា អាជ្ញាធរ បានសម្របសម្រួលដល់អាជីវករ ដែលរកស៊ីដឹកទំនិញចេញចូលតាមច្រកនេះ អាចដំណើការចេញចូលដូចមុនវិញបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះការតវ៉ាជាងមួយម៉ោង តែអាជីវករត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន។

    លោក ហម សំខាន់ បញ្ជាក់ថារថយន្តចេញចូលដឹកទំនិញ ត្រូវបកស្កុតខ្មៅលើកញ្ចក់ចេញ ដើម្បីងាយស្រួលពិនិត្យ និងឱ្យម្ចាស់រថយន្តទាំងនោះគោរពតាមការណែនាំ កុំឃុបឃិតនាំពលករចេញចូល គេចវេសពីការ ធ្វើចត្តាឡីស័ក មុនទៅស្រុកកំណើត បើមិនគោរពតាមការណែនាំ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់។

    សូមបញ្ជាក់ថា នៅម៉ោង៧ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ក្រុមអាជីវករ បានផ្ទុះការតវ៉ារហូតឈានដល់ការនាំយករថយន្តដាក់បិទមាត់ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នេះក្រោយពីអាជ្ញាធរ បានហាមមិនឱ្យរថយន្តធុនតូចចេញចូល ឆ្លងកាត់ដឹកទំនិញ ដោយសារកន្លងមក រថយន្តមួយចំនួនបានលួចបង្កប់ពលករខ្មែរចេញពីប្រទេសថៃមកកាន់កម្ពុជា ដើម្បីគេចវេសមិនចូលខ្លួនធ្វើចត្តាឡីស័ក។ ការតវ៉ានេះ ដោយសារក្រុមអាជីវករបាន ទាមទារដល់អាជ្ញាធរដោះស្រាយឱ្យពួកគាត់ អាចចេញចូលបាន ដឹកទំនិញតាមច្រកអន្តរជាតិដូងនេះបានដូចមុន។

    លោក ហម សំខាន់ ប្រធានស្នាក់ការច្រកអន្តរជាតិដូង បានបញ្ជាក់ថា ក្នុងសប្តាហ៍មកនេះ មន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័នរួមទាំងកងកម្លាំងផង បានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះរថយន្តតូចធំ ទាំងថៃទាំងខ្មែរ ដែលចេញចូលដឹកទំនិញតាមច្រក អន្តរជាតិដូងមួយនេះ មិនឱ្យចន្លោះមួយនោះទេ ដើម្បីការពារ ក្រែងមានការបង្កប់ពលករតាមរថយន្តទាំងនេះ ដើម្បីគេចវេសពីការធ្វើចត្តាឡីស័ក ដែលអាច នឹងឆ្លង ជំងឺកូវីដ-១៩ ដល់សហគមន៍ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: