ថយចុះបន្ដិច! ប្រទេសថៃរកឃើញជំងឺកូវីដ១៩ ថ្មីចំនួន ១៥០ នាក់ប៉ុណ្ណោះនៅថ្ងៃនេះ
- BY
- autoadmin
- February 18, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១៥០ករណី ដោយក្នុងនោះមាន ៨ករណី ជាការនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានគេរាយការណ៍នោះទេ ដែលធ្វើឱ្យករណីស្លាប់សរុបនៅតែមាន ៨២នាក់ ខណៈការឆ្លងសរុបចាប់តាំងពីជំងឺ COVID-19 មានវត្តមាននៅក្នុងប្រទេសថៃកាលពីឆ្នាំមុន បានកើនឡើងដល់ ២៥,១១១ ករណី។ ករណីជំងឺ COVID-19 សម្រាប់ប្រទេសថៃនៅថ្ងៃនេះគឺមានការចុះថយ ប៉ុន្តែភាគច្រើននៅតែត្រូវបានគេរកឃើញពីខេត្តសាមុតសាខន និងផាធុមថានី។

ក្នុងចំណោមករណីសរុបទាំងអស់មាន ២២,៤៤៦ នាក់ ជាករណីឆ្លងក្នុងតំបន់ ដែលក្នុងនោះមាន ១៤,២៥៦ នាក់ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដតាមសហគមន៍ ខណៈ ២,៦៦៥ នាក់ជាអ្នកត្រឡប់ពីបរទេស។ រហូតមកដល់ពេលនេះមានអ្នកជំងឺ COVID-19 ចំនួន ២៣,៩៤៦ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ ហើយអ្នកជំងឺមានចំនួន ១,០៨៣ នាក់ កំពុងត្រូវបានគេព្យាបាលនៅឡើយ។ ចំណែកករណីនៅទូទាំងពិភពលោកបានកើនដល់ ១១០.៤៤ លានករណី និងមានអ្នកជំងឺ ២.៤៤ លាននាក់ បានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






