ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យការងារស្តារប្រឡាយទួលពង្រទំហំ៨ម៉ែត្រ ទាន់ពេលវេលាមុនរដូវវស្សាមកដល់ ព្រោះប្រឡាយនេះមានសារៈសំខាន់ណាស់ចំពោះ៤ខណ្ឌនេះ

    BY Khmernote Media February 18, 2021
    អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យការងារស្តារប្រឡាយទួលពង្រទំហំ៨ម៉ែត្រ ទាន់ពេលវេលាមុនរដូវវស្សាមកដល់ ព្រោះប្រឡាយនេះមានសារៈសំខាន់ណាស់ចំពោះ៤ខណ្ឌនេះ

    រាជធានីភ្នំពេញ៖ ដើម្បីជំរុញឱ្យការងារស្តារប្រឡាយទួលពង្រទំហំ៨ម៉ែត្រទទួលបានជោគជ័យ និងទាន់ពេលវេលាមុនរដូវវស្សាមកដល់ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ដើរដោយថ្មើរជើង ដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៃតួប្រឡាយ ក៏ដូចជាសមត្ថភាពរបស់ស្ថានីយបូមទឹកលូប្រាំ សំដៅធ្វើយ៉ាងណាបើកផ្លូវទឹកឱ្យហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន៤ នៅជាយរាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប្រឡាយដែលបានត្រួតពិនិត្យ និងស្ដារនេះមានសារៈសំខាន់បំផុតក្នុងការរំដោះទឹកពីផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌមានជ័យ ហើយការស្ដារប្រឡាយនេះបានធ្វើឱ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយចំនួន ហើយប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះជូនមកឱ្យរដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

    លោកអភិបាលរាជធានីភ្នំពេញ ពិតជាអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីដែលមានទំហំរហូតដល់២ម៉ែត្រនិងមានបណ្ដោយរហូតដល់៥០០ម៉ែត្រ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះឱ្យបានធំរហូតដល់ទទឹង៨ម៉ែត្រទៅតាមគម្រោង។

    ដោយឡែក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញត្រូវស្តារប្រឡាយទួលពង្រ១ ហើយសាងសង់ជាប្រឡាយបេតុងឱ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា និងដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង ១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែង សម្រាប់ឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ឆ្លងកាត់ពីលើបានផងដែរ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: