កូវីដ-១៩

ថៃរកឃើញករណីជំងឺកូវីដ១៩ក្នុងសហគមន៍ជាង ៤០០ករណី ចេញពីផ្សារមួយនៅខេត្ត Pathum Thani ហើយសុទ្ធតែគ្មានរោគសញ្ញា

BY
autoadmin
February 22, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានជំងឺ COVID-19 របស់ខេត្ត Pathum Thani កាលពីថ្ងៃអាទិត្យបាននិយាយថា ការិយាល័យសុខាភិបាលខេត្តបានធ្វើតេស្តរកជំងឺ COVID-19 ចាប់ពីថ្ងៃទី០៩-១៩ ខែកុម្ភៈ ហើយបានរកឃើញពលរដ្ឋចំនួន ៤១៥នាក់ ដែលបានឆ្លងជំងឺ COVID-19 ដោយគ្មានចេញរោគសញ្ញានោះទេ។ មជ្ឈមណ្ឌលបាននិយាយថា ការធ្វើតេស្តទ្រង់ទ្រាយធំនេះត្រូវបានចាប់ផ្តើមឡើង បន្ទាប់ពីមានករណីជាចង្កោមត្រូវបានគេរកឃើញនៅផ្សារ Pornpat ក្នុងស្រុក Thanyaburi ។

មជ្ឈមណ្ឌលបាននិយាយថា អ្នកដែលឆ្លងជំងឺភាគច្រើនជាពាណិជ្ជករថៃនៅតាមទីផ្សារ និងពលករចំណាកស្រុក។ មានមនុស្សជាង ៩០០ នាក់ ដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺទាំងនោះ ហើយប្រហែលជា ៣០០ នាក់ ត្រូវបានតាមដាននិងសាកល្បង ខណៈអ្នកដែលនៅសល់កំពុងត្រូវបានស៊ើបអង្កេត។ មជ្ឈមណ្ឌលបានបន្ថែមទៀតថា៖«អ្នកដែលបានទៅផ្សារក្នុងអំឡុងពេលពីថ្ងៃទី០៩-១៣ ខែកុម្ភៈ គួរតែរក្សាខ្លួននិងឃ្លាំមើលរោគសញ្ញាឱ្យបានដិតដល់»។ ជៀសវាងការធ្វើដំណើរ ឬទំនាក់ទំនងជាមួយអ្នកដទៃ និងត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវពេលចេញក្រៅ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: