កូវីដ-១៩

សម្តេចតេជោ សម្រេចឱ្យបណ្តេញជនបរទេសណាដែលគេចមិនសហការធ្វើចត្តាឡីស័ក ហើយលែងឱ្យចូលកម្ពុជាតទៅទៀត

BY
Khmernote Media
February 23, 2021

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេះ និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក ដោយការសម្រេចនេះដែរធ្វើឡើងតាមសំណើររបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

ក្នុងលិខិតនេះលោក ឌី វិជ្ជា បានស្នើសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិនសហការទាំងនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ វិធានការទាំង ៣ចំណុចនោះរួមមាន៖ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សំណើវិធានការទាំង៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមរួចរាល់ហើយនៅថ្ងៃដដែលនេះ។ សូមបញ្ជាក់ថា សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស ខណៈពលរដ្ឋខ្មែរមួយចំនួនក៏ត្រូវបានឆ្លងជំងឺមួយនេះដូចគ្នា៕

Share This Post: