ព័ត៌មានជាតិ

សម្តេចតេជោសុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ មេត្តាកុំចេញទៅខាងក្រៅ

BY
srey nuch
February 23, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោហ៊ុន សែន បានសុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ទ្រង់ទ្រាយធំ ។

តាមរយៈសារសំឡេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចមានប្រសាសន៍ថា ដោយរយៈពេល ៣ថ្ងៃមកនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនៅកម្ពុជាមានការកើនឡើង ហើយនៅកន្លែងមួយចំនួនធ្វើឱ្យពិបាកគ្រប់គ្រង ទើបធ្វើឱ្យមានការបិទ សាលារៀន នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលជាបណ្ដោះអាសន្ន។ ដូចនេះសម្តេចតេជោ បានសុំអង្វរករបងប្អូនប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាងក្រៅ ដើម្បីចៀសវាងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាមើលមិនឃើញ ព្រោះអាចនិយាយបានថា ពេលនេះលំបាកជាង ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទៅទៀត ព្រោះយើងឃើញពន្លឺខ្លះនៅទីភ្លឺ ប៉ុន្តែនៅទីងងឹតក៏នៅមានច្រើន យើងមិនទាន់អាចរកឃើញ។

« កាលពីថ្ងៃទី២០ខ្ញុំព្រះករុណាខ្ញុំ មិនបានដាក់ចេញនូវវិធានទាំងនេះទេ ដើម្បីយើងពិនិត្យថាតើកម្រិត នៃការរីករាលដាលដល់កម្រិតណា ប៉ុន្តែមកដល់ពេលនេះ មិនមានការថមថយនោះទេ ចំនួនឆ្លងនៅក្នុងសហគមន៍គឺនៅបន្ត ហើយយោងទៅលើស្ថានភាពដែល យើងកំពុងតែយកសំណាក ដោយមានកិច្ចសហការពីអ្នកពាក់ព័ន្ធទាំងអស់ ឃើញថាចំនួនសំណាកនៅសល់ច្រើន ហើយ ម៉ាស៊ីនទាំងឡាយក៏មិនទាន់បានបញ្ចប់នៅឡើយទេ។ ដូច្នេះចំនួនឆ្លងនៅក្នុងរង្វង់តែរយៈពេល៣ថ្ងៃប៉ុណ្ណោះ គឺចំនួនឆ្លងឡើងជិត១០០នាក់ ដែលជាចំនួនឆ្លងដែលមិនធ្លាប់មាន តាំងពីជំងឺកូវីដចូលមកក្នុងផ្ទៃប្រទេសរបស់យើង»៕

ប្រភព៖ ក្រសួងព័ត៌មាន​

Share This Post: