អន្តរជាតិ

អង់គ្លេសនឹងធ្វើការបន្ធូរបន្ថយការរឹតត្បិតទប់ស្កាត់ជំងឺកូវីដ១៩ ជាបួនដំណាក់កាល ចាប់ពីខែក្រោយតទៅ

BY
autoadmin
February 23, 2021

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានបង្ហាញពីផែនការដើម្បីបន្ធូរបន្ថយការរឹតត្បិតទប់ស្កាត់ការចម្លងជំងឺ COVID-19 នៅប្រទេសអង់គ្លេសជាច្រើនដំណាក់កាល ដោយចាប់ផ្តើមនៅដើមខែមីនា។ លោក Johnson បានប្រកាសផែនការជា ៤ ដំណាក់កាល នៅក្នុងសភាកាលពីថ្ងៃចន្ទ ដោយជំហានដំបូងគឺសាលាទាំងអស់នឹងចាប់ផ្តើមបើកទ្វារពីថ្ងៃទី០៨ ខែមីនា។ ការជួបជុំនៅខាងក្រៅដែលមានមនុស្ស ៦នាក់ ឬតិចជាងនេះ នឹងត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី២៩ ខែមីនា។

ជំហានទី២ ចាប់ផ្តើមនៅថ្ងៃទី១២ ខែមេសា ដែលអនុញ្ញាតឱ្យហាង និងជាងកាត់សក់អាចបើកឡើងវិញ  ហើយរង្គសាល និងភោជនីយដ្ឋាន អាចបម្រើអតិថិជនអង្គុយនៅខាងក្រៅបាន។ ចំណែកការរឹតបន្តឹងផ្សេងទៀត ត្រូវបានគេគ្រោងនឹងលើកជាដំណាក់កាល។ រដ្ឋាភិបាលអង់គ្លេសនិយាយថា ថ្ងៃទី២១ ខែមិថុនា គឺជាកាលបរិច្ឆេទដំបូងដែលអាចទៅរួចសម្រាប់ការបំពេញគ្រប់ដំណាក់កាលទាំងនេះ។ ការធ្វើដំណើរអន្តរជាតិនឹងនៅតែត្រូវបានហាមឃាត់ជាគោលការណ៍រហូតដល់ជំហានទី ២ ត្រូវបានបញ្ចប់។ ក្នុងដំណាក់កាលនីមួយៗរដ្ឋាភិបាលនឹងពិចារណាថា ត្រូវបន្តទៅជំហានបន្ទាប់ដោយផ្អែកលើទិន្នន័យស្តីពីកម្មវិធីវ៉ាក់សាំងជំងឺ COVID-19 អត្រាឆ្លង និងស្ថានភាពទាក់ទងនឹងការផ្លាស់ប្តូរមេរោគថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: