សំណាងណាស់មិនបុកត្រូវមនុស្ស! រថយន្តកុងតឺន័របុករះបង្គោលចរាចរណ៍ បង្គោលប៉ាណូ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ហើយចុះពីលើឡានដាក់មេប្រូចបាត់
រាជធានីភ្នំពេញ ៖ បង្គោលចរាចរណ៍ បង្គោលប៉ាណូ និងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី ព្រមទាំងឥដ្ឋការ៉ូឡារៀបនៅលើខឿនចែកទ្រូវផ្លូវ រងការខូចខាតបែកបាក់រាយប៉ាយពេញផ្លូវ ដែលបង្កឡើងដោយរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង បោះពួយលឿនពេក រេចង្កូតឡើងលើខឿនចែកទ្រូវផ្លូវបុករះប៉ើងខ្ទាតពេញផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង០២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែរច្រកចូលស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី២ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ(ផ្លូវវេងស្រេង) ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្ដោងកន្ទុយកុងតឺន័រធុនធំមួយគ្រឿង ម៉ាក FUSO ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-3239 កន្ទុយសណ្ដោងស្លាកលេខភ្នំពេញ 4A-4422 បានធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ(ផ្លូវវេងស្រេង) ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតមកខាងឆ្វេងដៃ ឡើងលើខឿនពុះចែកទ្រូងផ្លូវ បុកបង្គោលផ្លាកសញ្ញាចរាចរណ៍ បង្គោលប៉ាណូនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបាក់រាបដល់ដី ព្រមទាំងឥដ្ឋការ៉ូឡាដែលរៀបលើខឿនចែកទ្រូងផ្លូវ រងការខូចខាតនិងបាក់បែកអស់ជាច្រើនដុំ ខ្ទាតបែករាយប៉ាយពេញផ្លូវ ចំណែករថយន្តកុងតឺន័របានឆ្លងទៅផ្លូវម្ខាងទៀតទាំងបញ្ជ្រាស ទៅមុខប្រមាណជិត៣០ម៉ែត្រ តៃកុងបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោល ។ នេះចាត់ទុកថាជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់ ដែលម៉ោងកើតហេតុ ពុំសូវមានអ្នកធ្វើដំណើរឆ្លងកាត់នោះ ទើបមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចោមចៅទី២ បានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើវាស់វែងយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត