ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលសម្រេចយកមណ្ឌលចត្តាឡីស័កព្រែកព្នៅមួយបន្ថែមទៀត សម្រាប់ដាក់ និងព្យាបាលអ្នកជំងឺកូវីដ-១៩

    BY Khmernote Media February 25, 2021
    ក្រសួងសុខាភិបាលសម្រេចយកមណ្ឌលចត្តាឡីស័កព្រែកព្នៅមួយបន្ថែមទៀត សម្រាប់ដាក់ និងព្យាបាលអ្នកជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មណ្ឌលចត្តាឡីស័កព្រែកព្នៅមួយបន្ថែមទៀត ត្រូវបានយកធ្វើជាមន្ទីរដាក់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈមន្ទីរព្យាបាលជំងឺកូវីដ-១៩ ចំនួន៣ទីតាំងផ្សេងទៀតក្នុងរាជធានីភ្នំពេញបានពេញអស់ហើយ។

    បច្ចុប្បន្ន ទីតាំងព្យាបាលជំងឺកូវីដ-១៩ មាននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន។ បើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្ដិ បានឱ្យដឹងថា ការបន្ថែមទីតាំងមួយទៀតទៅកាន់មណ្ឌលព្យាបាលព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅនេះ គឺដោយសារអ្នកជំងឺកើនឡើង ហើយមន្ទីរពេទ្យទាំង៣ខាងលើចង្អៀត។ លោកជំទាវ បន្តថា មណ្ឌលព្យាបាលព្រែកព្នៅ អាចដាក់អ្នកជំងឺបានចំនួន៥០០នាក់ និងមានទីតាំងធំទូលាយ ដែលមានបន្ទប់គ្រូពេទ្យ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់។

    ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន៦៥នាក់ទៀត ក្នុងនោះ ករណីឆ្លងសហគមន៍២០កុម្ភៈ ចំនួន ៥៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៧នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៦៩៧នាក់ ក្នុងនោះមានអ្នកដែលត្រូវបាន ព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន២១៧នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: