បែកធ្លាយរូបរាងរថយន្ត Lexus NX ស៊េរីឆ្នាំ ២០២២ ស្អាតខ្លាំងទាំងក្នុង ទាំងក្រៅ
រថយន្ត Lexus ត្រកូល NX គឺជាម៉ូដែលមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសនៅប្រទេសកម្ពុជាយើង នៅពេលដែលរថយន្តមួយនេះបានមកដល់ភ្លាម វាបានសម្លាប់ទីផ្សាររថយន្ត Lexus ត្រកូល RX ម៉ូដែលឆ្នាំ2010 ដោយសារតែមានកត្តា 2ធំៗ គឺទី1 ត្រកូល NX ជាម៉ូដែលថ្មីហើយមានឆ្នាំផលិតខ្ពស់ជាងរថយន្ត Lexus RX 350 ឆ្នាំ2010 ទី2 ដោយសារតែម៉ាស៊ីនវាមានស៊ីឡាំងតូច ដូច្នេះការបង់ពន្ធនាំចូលគឺតិច ដែលនាំអោយរថយន្ត Lexus NX200t មានតំលៃស្ទើរប្រហាក់ប្រហែលគ្នាទៅនិងរថយន្ត Lexus RX 350 ឆ្នាំ2010 ដែរ។

ថ្មីៗនេះដែរត្រកូល NX មួយនេះត្រូវបានវេបសាយបរទេសជាច្រើនបានទម្លាយរូបរាងជំនាន់ថ្មីរបស់វា ដែលត្រូវបានរចនាផ្នែកខាងក្រៅខុសពីមុន ដោយយកលំនាំតាមម៉ូដែល UX ខ្លះៗ ហើយសម្រាប់ការរចនាផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរទាំងស្រុងដូចគ្នា។ ក្រៅពីនេះដែរវាក៏ត្រូវបានគេឃើញថា បានបំពាក់នូវចង្កិះលេខជំនាន់ថ្មីជាប្រភេទ Electronic ដែលជាចង្កិះលេខដ៏ពេញនិយមនាពេលបច្ចុប្បន្ន ខណៈដែលព័ត៌មានទម្លាយថាវាមានម៉ូដែលថ្មី2ផ្សេងទៀតគឺ NX 350h និង NX 450h+ plug-in hybrid។ ទោះជាយ៉ាងណាវាគ្រាន់តែជារូបភាពបែកធ្លាយតែប៉ុណ្ណោះ ដោយគេមិនទាន់អាចសន្និដ្ឋានបានទេថា វាមានរូបរាងបែបនេះ 100% ហើយចំពោះទន្និន័យផ្សេងទៀតនៃកំលាំងម៉ាស៊ីន ក៏មិនទាន់ត្រូវបានបង្ហាញដែរ។ តើប្រិយមិត្តយល់យ៉ាងណាបើវាមានរូបរាងបែបនេះមែន?









