ក្រសួងមហាផ្ទៃ សម្រេចបណ្តាញបុរសជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today ចេញពីកម្ពុជា និងលែងឲ្យចូលកម្ពុជាវិញ ក្រោយផ្សាយព័ត៌មានមិនពិតថា កម្ពុជាលក់វ៉ាក់សាំងកូវីដរបស់ចិន
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចធ្វើការបណ្តេញលោក SHEN KAIDONG ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ឲ្យទៅប្រទេសដើមវិញ និងហាមឃាត់ចូលប្រទេសកម្ពុជាជាថ្មីផង។

គួរបញ្ជាក់ផងដែរថា បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតជាជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃ១២០ដុល្លារ»។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា “បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជា”។

