ជនជាតិចិន១១នាក់ទៅធ្វើតេស្តសុំវិញ្ញាបនបត្របញ្ជាក់សុខភាព ដើម្បីត្រលប់ទៅប្រទេសចិនវិញ ទើបឃើញថាខ្លួនឆ្លងកូវីដ
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៤៤នាក់ និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៤៤នាក់នោះ គឺមាន០៤នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤០នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយសុទ្ធតែជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

រូបតំណាង
ក្នុងនោះផងដែរ ក្រសួងសុខាភិបាលរកឃើញមានជនជាតិចិនចំនួន១១នាក់ (នៅខេត្តព្រះសីហនុចំនួន ០៧នាក់ និងរាជធានីភ្នំពេញ ០៤នាក់) ដោយមានបំណងធ្វើដំណើរទៅប្រទេសចិនវិញ ដូច្នេះពួកគាត់បានទៅធ្វើតេស្ត ដើម្បីសុំវិញ្ញាបនបត្របញ្ជាក់សុខភាពកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពួកគាត់ទាំង១១នាក់ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺចំនួន ០៧នាក់នៅខេត្តព្រះសីហនុ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកឯអ្នកជំងឺចំនួន ០៤នាក់នៅរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
