ឃាត់ខ្លួនបុរសម្នាក់ ផឹកស៊ីស្រវឹងយកដាវសាំម៉ូរ៉ៃកា.ប់បំផ្លាញទ្រព្យសម្បត្តិគេនៅក្នុងហាង
ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តកណ្តាលធ្វើការឃាត់ខ្លួន ក្រោយប្រើដាវសាំម៉ូរ៉ៃកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង ២៥នាទីល្ងាចថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅចំណុចហាងកាហ្វេ ភូមិព្រែករាំង១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯជនសង្ស័យមានឈ្មោះ កែវ សិរីបុត្ររតន: ភេទប្រុស អាយុ៣៧ឆ្នាំ មិនមានមុខរបរពិតប្រាកដ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកេីតហេតុខាងលេី ពេលជនរងគ្រោះកំពុងតែឈរឆុងកាហ្វេដាក់ឲ្យភ្ញៀវ ពេលនោះស្រាប់តែជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងបានជិះម៉ូតូមកឈប់ដោយដៃកាន់ដាវមួយដេីមដេីរចូលទៅក្នុងហាងកាហ្វេស្រែកឡូឡាដាក់ភ្ញៀវ និងម្ចាស់ហាង ហើយបានយកដាវសាំម៉ូរ៉ៃកាប់កែវ និងកុំព្យូទ័រ បណ្តាលឲ្យខូចខាត រួចហេីយជិះម៉ូតូគេចខ្លួនបាត់ទៅ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំង ជំនាញក្រុងតាខ្មៅបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕
