ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីពលករម្នាក់បានស្លាប់ក្រោយពេលវិលត្រឡប់ពីប្រទេសថៃ

    BY Khmernote Media February 26, 2021
    រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីពលករម្នាក់បានស្លាប់ក្រោយពេលវិលត្រឡប់ពីប្រទេសថៃ

    នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីករណីស្លាប់ពលករម្នាក់ក្រោយពេលវិលត្រឡប់មកពីប្រទេសថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរបានបញ្ជាក់អោយដឹងថា ពលករដែលទើបត្រឡប់មកពីប្រទេសថៃនោះមានភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរំដេង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

    រូបតំណាង

    សេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា​ ពលកររូបនោះបានចូលមកកម្ពុជា តាមច្រកចំបក់ ស្រុកម៉ាឡៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៣:១៥នាទីទៀបភ្លឺ ដោយពិនិត្យឃើញស្ថានភាពសុខភាពខ្សោយខ្លាំង មិនអាចដើរបាន ហើយត្រូវបានគ្រូពេទ្យប្រចាំការបញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព។

    តាមការពិនិត្យនិងសួរប្រវត្តិអ្នកជំងឺបានបញ្ជាក់ថា គាត់ទៅធ្វើការ និងរស់នៅប្រទេសថៃជាកម្មកររោងចក្ររយៈពេលជិត ៣ឆ្នាំ មានប្រវត្តិជក់បារី ពិសាស្រា ហើយគាត់ធ្លាប់មានជំងឺរបេងសួត និងទទួលបានការព្យាបាលរយៈពេល២សប្តាហ៍នៅប្រទែសថៃ មុនពេលមកដល់កម្ពុជា។

    រដ្ឋបាលខេត្ត បានបញ្ជាក់ថាអ្នកជំងឺជាពលករខាងលើទទួលមរណៈភាពដោយសារជំងឺរបេងសួត និងរលាកស្រោមខួរក្បាល មិនមែនជាករណីជំងឺកូវីដ-១៩ នោះទេ៕

    Share This Post: