ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរប្រដាប់អាវុធចូលប្លន់ម្ចាស់ផ្ទះវីងប្រមូលលុយដាក់កាបូប តែម្ចាស់ផ្ទះស្ទុះប្រតាយប្រតប់យកបានកាំ.ភ្លើងពីចោរ ហើយរត់ដេញបា.ញ់ចោរវិញ ផ្អើលពេញម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ

    BY Khmernote Media February 26, 2021
    ចោរប្រដាប់អាវុធចូលប្លន់ម្ចាស់ផ្ទះវីងប្រមូលលុយដាក់កាបូប តែម្ចាស់ផ្ទះស្ទុះប្រតាយប្រតប់យកបានកាំ.ភ្លើងពីចោរ ហើយរត់ដេញបា.ញ់ចោរវិញ ផ្អើលពេញម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា មានជនសង្ស័យម្នាក់ ប្រដាប់ដោយអាវុធខ្លីK59 ជិះម៉ូតូមួយគ្រឿង មកចូលធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់ក្បាលជនរងគ្រោះដែលជាម្ចាស់ផ្ទះវីងមួយកន្លែង ពេលដែលម្ចាស់ផ្ទះមិនបានចាក់គន្លឹះទ្វារសុវត្ថិភាព ខណៈពេលដៃម្ខាងភ្ជង់ជនរងគ្រោះ និងដៃម្ខាងទៀតកំពុងប្រមូលយកលុយពីក្នុងហិបដាក់លុយដាក់ចូលក្នុងកាបូបស្ពាយ ស្រាប់តែជនរងគ្រោះស្ទុះទៅប្រតាយប្រតប់យកកាំភ្លើងបាន ជនសង្ស័យក៏ស្ទុះរត់ចេញក្រៅ ហើយម្ចាស់ផ្ទះវីងក៏រត់ដេញបាញ់ជនសង្ស័យវិញ ហើយជនសង្ស័យក៏បោះកាបូបដាក់លុយពណ៌ខ្មៅនោះទៅអោយម្ចាស់ផ្ទះវីង ហើយរត់គេចខ្លួនបាត់ស្រមោល ។

    ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង០៤:៣៨នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចផ្ទះវីងវេលុយយីហោ “ប៉េង សុខចំរើន“ ស្ថិតនៅខាងកើតឈាងខាងត្បូងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចម្ងាយជិត១០០ម៉ែត្រ ផ្ទះលេខ២៥B ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានបង្ហើបប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅកន្លែងកើតហេតុបន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានបន្សល់ទុកវត្ថតាងដូចជា : អាវុធខ្លីម៉ាក K59 មួយដើម និងម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី (Honda Scoopy) ពណ៌ផ្កាឈូកស ពាក់ស្លាកលេខភ្នំពេញ 1BX-5216 និងកាបូបស្ពាយពណ៍ខ្មៅរបស់ជនសង្ស័យ ក្នុងនោះមានមួកកាតឹប ពណ៍ខ្មៅចំនួន១ និងលុយមួយចំនួនធំរបស់ជនរងគ្រោះដែលជនសង្ស័យប្រមូលដាក់ចូល ហើយរត់គេចខ្លួនមិនរួច។

    ជនរងគ្រោះខាងលើមានឈ្មោះ ប៉េង សុខចំរើន ភេទប្រុស ស្នាក់នៅផ្ទះកើតហេតុ មុខរបរអ្នកវេលុយវីង ។

    ភ្លាមៗនោះគេឃើញកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងសាកសួរម្ចាស់ផ្ទះ តែដោយសារតែខាងអាវុធហត្ថខណ្ឌមានជ័យ ចុះមកដល់កន្លែងកើតហេតុមុន និងយកវត្ថុតាងដែលបន្សល់ទុកខាងលើ រួមទាំងនាំជនរងគ្រោះទៅធ្វើការសាកសួរ នៅស្នាក់ការអាវុធហត្ថខណ្ឌមានជ័យ ដើម្បីកំណត់មុខសញ្ញា ស្វែងរកចាប់ខ្លួនជនសង្ស័យអោយខានតែបាន ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: