ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តឡិចស៊ីសស៊េរីទំនើបបើកយ៉ាងលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវខ្ទាតទៅកណ្ដាល ឯរថយន្តផ្ទុះកង់ និងបាក់កាឡេបើកលែងរួច

    BY Khmernote Media February 27, 2021
    រថយន្តឡិចស៊ីសស៊េរីទំនើបបើកយ៉ាងលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវខ្ទាតទៅកណ្ដាល ឯរថយន្តផ្ទុះកង់ និងបាក់កាឡេបើកលែងរួច

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស (LEXUS RX330) ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ស្រាប់តែរេចង្កូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅកណ្ដាលគន្លងផ្លូវម្ខាងទៀត ចំណែករថយន្តបង្កផ្ទុះកង់និងបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២៦ ជិតចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខវត្តព្រះពុទ្ធមានបុណ្យ លើកំណាត់ផ្លូវហ្សាលដឺហ្គោល(ហៅផ្លូវ២១៧) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUSRX330) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AT-3338 បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្ដោយផ្លូវហ្សាលដឺហ្គោល(២១៧) ទិសដៅពីស្តុបអាងទឹកអូរឡាំពិក ឆ្ពោះទៅស្តុបរង្វង់មូលនាងគង្ហីង ពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ទល់មុខវត្តព្រះពុទ្ធមានបុណ្យ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃទៅបុកចំរបាំងថ្មក្បាលព្រួញទ្រូងចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំងខ្ទាតទៅកណ្ដាលគន្លងផ្លូវម្ខាងទៀតបែកបាក់បន្តិចបន្តួច ចំណែករថយន្តបង្កបានផ្ទុះកង់និងបាក់កាឡេកង់មុខខាងឆ្វេងអូសខ្ទាតទៅមុខប្រហែល៣ម៉ែត្រ បើកទៅមុខលែងរួច តែសំណាងល្អរថយន្តបានផ្ទុះពោងសុវត្ថិភាពចេញពីដៃចង្កូត ទើបមិនបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ ។

    ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចប៉ុស្តិ៍វាលវង់ និងកម្លាំងផ្នែកវាស់វែងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះមកកន្លែងកើតហេតុជួយអន្តរាគមន៍ បញ្ជៀសចរាចរណ៍ និងពិនិត្យមើលរួចទាក់ទងប្រគល់ឲ្យខាងជំនាញចុះមកសហការគ្នា និងបានជួយស្ទូចយករបាំងថ្មទ្រូងផ្លូវដែលខ្ទាតទៅកណ្ដាលផ្លូវនោះ ទៅដាក់កន្លែងដើមវិញ និងបន្តធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ សងការខូចខាតទ្រព្យសម្បត្តិរដ្ឋតាមផ្លូវច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: