ចោរចង្រៃ ឆក់កាបូបស្ត្រីមានផ្ទៃពោះម្នាក់ ទាញនាងធ្លាក់ពីលើម៉ូតូដួលកណ្ដាលផ្លូវចុកឆ្អល់ងើបមិនរួច ហើយរត់គេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ ចោរឆក់ចិត្តអប្រិយ សូម្បីតែស្ត្រីម្នាក់មានផ្ទៃពោះ៥ខែ ក៏ចោរដាច់ចិត្តឆក់កាបូប មិនបានសម្រេច តែទាញធ្លាក់ពីលើម៉ូតូទាំងមានផ្ទៃពោះគួរឲ្យខ្លោចចិត្តយ៉ាងខ្លាំង ខណៈពេលកំពុងជិះម៉ូតូជាមួយប្ដី ចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញបានពាក់កណ្ដាលផ្លូវ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ២គ្រឿង តាមមកឆក់កាបូបពីក្រោយ មិនបានសម្រេច ហើយបន្ថែមល្បឿនគេចខ្លួនបាត់អស់ ។

ហេតុការណ៍ឆក់កាបូបមិនបានសម្រេចនេះ បានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចទល់មុខភូមិគ្រឹះថៃប៊ុនរ៉ុង ផ្លូវមុនីរ៉េត(ផ្លូវលេខ២១៧) ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមសម្ដីស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបខ្លួននិងប្ដីជាជនជាតិចិន បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1D-7363 ទើបចេញពីមន្ទីរពេទ្យ ឌុបគ្នាត្រលប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ពីស្តុបចេនឡាផ្សារដើមគ ឆ្ពោះទៅស្ទឹងមានជ័យ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេខមុខជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មិនចាំស្លាកលេខ (មួយគ្រឿងម៉ាកហុងដាឌ្រីមជាអ្នកបិទគូទ និងមួយគ្រឿងទៀតម៉ាកហ្សូមម័រអ៉ិចជាអ្នកធ្វើសកម្មភាព) បានជិះតាមមកពីក្រោយហើយបានធ្វើសកម្មភាព ឆក់កាបូបស្ពាយពីខ្លួនជាអ្នកជិះពីក្រោយប្ដី តែមិនបានសម្រេចទេ បណ្ដាលឲ្យខ្លួនធ្លាក់ពីលើម៉ូតូ រងរបួសជើង និងដួលកណ្ដាលផ្លូវចុកឆ្អល់ងើបមិនរួច ចំណែកឯក្រុមជនសង្ស័យបានបន្ថែមល្បឿនគេចខ្លូនបាត់ស្រមោលអស់ ។ ភ្លាមៗនោះអ្នកដំណើរឆ្លងកាត់កន្លែងកើតហេតុប្រទះឃើញ ក៏បានជួយគ្រាជនរងគ្រោះមកចិញ្ចើមផ្លូវ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ រួមទាំងទំនាក់ហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យផងដែរ តែជនរងគ្រោះមិនព្រមទៅមន្ទីរពេទ្យទេ ដោយប្រាប់ថាចង់ទៅផ្ទះសិន ចាំទៅមន្ទីរពេទ្យតាមក្រោយទៀត ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានជិះតាមស្ត្រីរងគ្រោះរហូតដល់ផ្ទះ និងយកលេខទូរស័ព្ទទុកទំនាក់ទំនងសួររកអាស័យដ្ឋាន ដើម្បីដាក់ពាក្យបណ្ដឹង នៅពេលក្រោយទៀត ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនសង្ស័យ និងតាមចាប់យកមកចាត់ការតាមច្បាប់អោយខានតែបាន ៕
