កម្លាំងជិត៣០០នាក់បន្ថែមទៀត ដើម្បីចេញជួយកម្លាំងនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌរឹតបន្តឹងពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់នៅទីតាំងធ្វើចត្តាឡីស័កជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញកម្លាំងជិត៣០០នាក់បន្ថែមទៀត ដើម្បីប្រើប្រាស់ជួយដល់កម្លាំងនគរបាលតាមបណ្តាខណ្ឌមួយចំនួនទៅលើការងារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅទីតាំងធ្វើចត្តាឡីស័ក និងទីតាំងដែលត្រូវបិទបណ្តោះអាសន្នជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឱ្យបានគត់មុតទប់ស្កាត់ចំពោះបុគ្គលដាក់ឱ្យធ្វើចត្តាឡីស័កដែលចង់គេចវេសមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល គ្រាដែលអាជ្ញាធររាជធានីភ្នំពេញទើបបានប្រកាសឱ្យដឹងថា ទីតាំងផ្ទុះការរាលដាលជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានកើនឡើងដល់៧៥កន្លែងនោះហើយ ។

នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្ថែមកម្លាំងទៅការពារគោលដៅធ្វើចត្តាឡីស័កជូនដល់លោកស្នងលោកស្រីស្នងការរង និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំ១៤ ដើម្បីដឹកនាំកម្លាំងចុះអនុវត្តឱ្យមានប្រសិទ្ធភាព ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានដាក់ផែនការ និងបទបញ្ជាទៅលោកលោកស្រីស្នងការរង និងលោកអធិការទាំង១៤ខណ្ឌ ត្រូវដឹកនាំកម្លាំងការពារទីតាំធ្វើចត្តាឡីស័កទាំង៧៥កន្លែង ចុះអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមិនត្រូវធ្វេសប្រហែសនោះឡើយ។ ក្នុងករណីនៅពេលបំពេញភារកិច្ចកម្លាំងការពារធ្វេសប្រហែសបង្កឱ្យបុគ្គលធ្វើចត្តាឡីស័ករត់គេច មិនបានទប់ស្កាត់ទាន់ពេលវេលាត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ និងចំពោះមុខច្បាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កម្លាំងការពារទីតាំងធ្វើចត្តាឡីស័កទាំងអស់ក្នុងករណីដែលមានជនបរទេសមិនស្តាប់ ឬរឹងទទឹងមិនអនុវត្តតាមអាជ្ញាធរដែនដី និងគ្រូពេទ្យ ត្រូវចូលវាយខ្នោះហើយសុំគោលការថ្នាក់លើបញ្ជូនទៅអគ្គនាកដ្ឋានអន្តោប្រវេសន៍ដើម្បីរៀបចំឯកសារបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ជុំវិញបញ្ហាបុគ្គលមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលនៃការទប់ស្កាត់កុំឱ្យរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានផ្តល់ភ្លើងខៀវលើការអនុវត្តច្បាប់ចំពោះបុគ្គលណាដែលមិនអនុវត្តតាមវិធានរបស់សុខាភិ បាលកម្ពុជា ។ ការផ្តល់ភ្លើងខៀវលើការអនុវត្តច្បាប់នេះ បានធ្វើឡើងក្រោយសំណើសុំគោលការណ៍អនុវត្តច្បាប់ ចំពោះបុគ្គលមិនអនុវត្តការធ្វើចត្តាឡីស័ក, បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់កិច្ច សម្ភាសន៍និងទីតាំងដែលមិនសហការផ្តល់ព័ត៌មានស្រាវជ្រាវនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែម លើអនុក្រិត្យលេខ២៧ អនក្រ. បក ។ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យអនុវត្តនូវវិធាន ការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ ។ វិធានការដែលរាជរដ្ឋាភិបាលបានយល់ព្រមលើចំ ណាត់ការបុគ្គលដែលមិនអនុវត្តតាមវិធានសុខាភិបាលរួមមាន៖ ទី១,ចំពោះជនបរទេស ត្រូវបណ្តេញចេញ ពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ។ ទី២,ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់និងទី៣, ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំងនោះចោល ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ