អាជ្ញាធរប្រើវិធានការក្តៅចុះបិទ និងដកអាជ្ញាប័ណ្ណខារ៉ាអូខេយីហោ “សម្លេងមាស999” លួចបើកឲ្យភ្ញៀវប្រមូលផ្តុំគ្នាស្រែកច្រៀងទាំងថ្ងៃ ទាំងយប់ ល្មើសបំរាមកូវីដ១៩
ខេត្តកណ្តាល៖ ក្រោយពីទទួលបានមានព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នគរបាល ស្រុកស្អាង បានសម្រេចបិទហាងខារ៉ាអូខេ”សំលេងមាស៩៩៩” ដោយល្មើសបទបញ្ជាលួចបើកច្រៀងទាំងថ្ងៃ និង មនុស្ស៧នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័កតែម្តង។

សូមបញ្ជាក់ថា ការចុះបង្ក្រាបទីតាំងខាងលើនេះ អាជ្ញាធរស្រុកស្អាងបានសម្រេចដកអាជ្ញាប័ណ្ណ និងបិទហាង(ខារ៉ាអូខេសំលេងមាស ៩៩៩) ដែលហ៊ានផ្គើនការណែនាំរបស់រាជរដ្ឋាភិបាល លួចបើកទាំងថ្ងៃ ទាំងយប់ ប្រមូលផ្តុំមនុស្សច្រើន ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍ និង ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិធានទប់ស្កាត់នោះ។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ថា ហាង(ខារ៉ាអូខេសំលេងមាស៩៩៩) ត្រូវបានបិទហើយ ដោយមានបទបញ្ជាពីលោកស្នងការ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បញ្ជាអោយដកអាជ្ញាប័ណ្ណ រួចបិទតែម្តង។ ប្រភពដដែលបន្តថា ថៅកែហាងខារ៉ាអូខេយីហោឈ្មោះ(សំលេងមាស៩៩៩) មានម្ចាស់ឈ្មោះ ប៊ុន ធី ហៅតាប៊ុន ស្ថិតនៅភូមិស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចយល់ព្រមជាគោលការណ៍អោយអនុវត្តវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ នូវវិធានការមួយចំនួនដូចខាងក្រោម៖
ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលកម្ពុជាសាជាថ្មី។ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង ៕




ដោយ៖ បងម៉េង ខ្មែរណូត