អាជ្ញាធរខេត្តព្រះសីហនុសម្រេចបិទបណ្តោះអាសន្នចំនួន២៩ទីតាំង ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩
ខេត្តព្រះសីហនុ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចចុះបិទទីតាំងចំនួន២៩ទីតាំង ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ នេះបើតាមប្រសាសន៍របស់ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យវិទ្យុជាតិកម្ពុជាឱ្យដឹង។

ឯកឧត្ដម គួច ចំរេីន បានបញ្ជាក់ឱ្យដឹងទៀតថា ទីតាំងដែលពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ នៅខេត្ដព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ ការពារ និង ៣ កុំ។
៣ការពារ គឺ១.ពាក់ម៉ាស់ ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារៈសំខាន់ណាស់ ដូច្នេះទើបយើងអាច យកឈ្នះលើកូវីដ-១៩ បានជោគជ័យ។ ចំណែក ៣កុំ គឺ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម៕


ប្រភព៖ ក្រសួងព័ត៌មាន