ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ដាយត្រូវចោរឆក់របួសមិនទាន់ជាសះស្បើយផង ឥឡូវកូនត្រូវចោរឆក់កាបូបបានសម្រេចទៀត នៅជិតស្ពានអាកាសស្ទឹងមានជ័យ

    BY Khmernote Media March 2, 2021
    ម្ដាយត្រូវចោរឆក់របួសមិនទាន់ជាសះស្បើយផង ឥឡូវកូនត្រូវចោរឆក់កាបូបបានសម្រេចទៀត នៅជិតស្ពានអាកាសស្ទឹងមានជ័យ

    រាជធានីភ្នំពេញ៖ កូនប្រសារនិងកូនបង្កើតជិះម៉ូតូទៅមើលម្តាយនៅផ្ទះ ដែលរងគ្រោះត្រូវចោរឆក់រងរបួស កាលពីប៉ុន្មានថ្ងៃមុន ត្រឡប់មកវិញត្រូវបានចោរឆក់កាបូបបានសម្រេច កាលពីវេលាម៉ោង១០ និង១០ នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះប្ដីជាកូនប្រសារមានឈ្មោះ ឈុំ រ័ត ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរអនាម័យ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានស្រុកកំណើតស្រុកបារាយណ៍ ខេត្តកំពង់ធំ។ចំណែកស្ត្រីជាកូនបង្កើត មានឈ្មោះដុំ ចន្ធី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបស់អនាម័យស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា។

    តាមការរៀបរាប់ពីជនរងគ្រោះជាកូនប្រសារនិងកូនបង្កើតបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងពីនាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1P-7752 បានទៅមើលម្ដាយនៅឯម្ដុំលូ៥ ទើបនឹងចេញពីពេទ្យ ដែលបានរងគ្រោះរងរបួសត្រូវចោរឆក់ប៉ុន្មានថ្ងៃមុន ក្រោយពីមើលម្ដាយរួចហើយ ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជាប្រពន្ធបានសម្រេចរួចនាំគ្នាជិះគេចខ្លួនដោយសុវត្ថិភាព។ ជនរងគ្រោះបានបន្តទៀតថានៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅបាត់ មិនមានលុយកាក់នោះទេមានតែប័ណ្ណ ប ស ស ១សន្លឹក និងអត្តសញ្ញាណប័ណ្ណ ១សន្លឹកតែប៉ុណ្ណោះ។ បន្ទាប់មករូបគាត់ទាំងពីរនាក់បានបន្តដំណើរមកក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់ ដែលជាម្ដាយរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រូបគាត់ត្រូវចោលឆក់ កាបូបតែមិនបានសម្រេច បណ្ដាលឲ្យដួលរងរបួសដៃម្ខាង នៅចំណុចទីតាំងកើតហេតុនេះផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះមកដល់បាននាំជនរងគ្រោះទាំងម្ដាយទាំងកូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីដាក់ពាក្យបណ្ដឹង៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: