ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើការបញ្ជាក់លើករណីបុរសម្នាក់បានបាត់បង់ជីវិត ពេលកំពុងធ្វើចត្តាឡីស័កក្រោយវិលត្រឡប់មកពីថៃវិញ

    BY Khmernote Media March 2, 2021
    រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើការបញ្ជាក់លើករណីបុរសម្នាក់បានបាត់បង់ជីវិត ពេលកំពុងធ្វើចត្តាឡីស័កក្រោយវិលត្រឡប់មកពីថៃវិញ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤៖០០ នាទី មានករណីបុរសម្នាក់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព។

    អ្នកជំងឺខាងលើបានចូលមកកម្ពុជាតាមច្រកសង្កែ ស្រុកម៉ាឡៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទី ហើយក៏ត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាពដោយមូលហេតុពិបាកដង្កើម(ហត់ ដង្ហក់ខ្លាំង) ខ្សោយខ្លាំង និងមិនអាចដើររួច ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយផ្ដល់អុកស៊ីសែនជំនួយផ្លូវដង្ហើម និងបញ្ជូនព្យាបាលបន្តនៅមន្ទីពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី វេលាម៉ោង២០៖៥០នាទី ថ្ងៃខែដដែល។

    សូមបញ្ជាក់ថា៖ អ្នកជំងឺមានប្រវត្តិជក់បារី ពិសាស្រា និងធ្លាប់កើតជំងឺរលាកសួត តែទទួលការព្យាបាលមិនត្រឹមត្រូវ ព្រោះអ្នកជំងឺពុំមានលទ្ធិភាពក្នុងការព្យាបាល នៅពេលមានបញ្ហាធ្ងន់ធ្ងរ ទើបក្រុមគ្រួសារសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ។ អ្នកជំងឺមានអាការៈ និងរោគសញ្ញា ហត់ដង្ហក់ខ្លាំង ពិបាកដកដង្ហើម ហើមពេញខ្លួន ឡេះឡះ និងមានទឹកនោមតិច។ តែជាលទ្ធផលក៏បានបង្ហាញថា គ្រាប់ឈាមក្រហម កំហាប់ឈាម និងមុខងារតម្រងនោមថយចុះខ្លាំង ស្ថានភាពអ្នកជំងឺមិនបានធូរស្បើយ និងវិវត្តកាន់តែធ្ងន់ធ្ងរជាលំដាប់ និងសង្រ្គោះអស់ពីលទ្ធភាព រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៥០នាទី អ្នកជំងឺបានទទួលមរណៈភាព ដោយមូលហេតុ ជំងឺហើមសួត និងខ្សោយតម្រងនោម ដំណាកកាលចុងក្រោយ។

    រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីបុរសដែលទទួលមរណៈភាពខាងលើ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ៕

    Share This Post: