កូវីដ-១៩

អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថាក្មេងស្រីអាយុ ១២ឆ្នាំ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ថ្ងៃនេះ ខណៈឪពុកម្តាយវិជ្ជមានកូវីដ១៩ ទាំងពីរនាក់ សប្តាហ៍មុន

BY
Khmernote Media
March 4, 2021

មុននេះបន្តិចយោងតាមហ្វេសបុកផេករបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់លើហ្វេសបុកផ្លូវការឲ្យដឹងថា៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង០០នាទី នៅចំនុចផ្ទះលេខ ១១៣២ ផ្លូវបេតុង ក្រុមទី១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានប្រមូលយកសំណាកទៅធ្វើតេស្ដជាលើកទីពីរ មានចំនួន ១២ នាក់ (ប្រុស ០៥នាក់) (ស្រី ០៧នាក់)។

ជាលទ្ធផលរកឃើញមាន អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ម្នាក់ ជាកុមារី អាយុ១២ឆ្នាំ (ត្រូវជាកូនរបស់ស្ត្រី អាយុ៣៦ឆ្នាំ និងបុរសអាយុ៣៩ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩)។ បច្ចុប្បន្ននេះ កុមារីខាងលើ ត្រូវបាន ក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ហើយ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣១នាក់ និងមានករណីជាសះស្បើយថ្មី០២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣១នាក់នោះ មាន២៨នាក់គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដែលធ្វើអោយអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍នេះកើនដល់៤០២នាក់ ក្នុងរយៈពេលជិត២សប្តាហ៍មកនេះ។

 

Share This Post: