ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញពពុះសណ្ដែក ដៃមឹក និងមីកំប៉ុង មានជាតិគីមី និងហួសឌឺឡេប្រមាណ១២kg

    BY Khmernote Media March 4, 2021
    រកឃើញពពុះសណ្ដែក ដៃមឹក និងមីកំប៉ុង មានជាតិគីមី និងហួសឌឺឡេប្រមាណ១២kg

    (ខេត្តបាត់ដំបង)៖ នៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារព្រែកតាច្រែង និងផ្ទះលក់ទំនិញ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

    ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក ជ្រក់ទំពាំង ជ្រក់ស្ពៃ ណែមសាច់ត្រី សរសៃគុយទាវ (តូច និងធំ) មីលឿង មឹក និងបង្គា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។

    ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១២គីឡូក្រាម រួមមាន៖
    – ពពុះសណ្ដែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៣គីឡូក្រាម
    – ដៃមឹក មានសារធាតុគីមី ហ្វូកម៉ាលីន (Formalin) ចំនួន ២.៥០គីឡូក្រាម
    – មីកំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៦.៥០គីឡូក្រាម។

    បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

    Share This Post: