ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សន្តិសុខថ្លើមធំដែលហ៊ានរំដោះជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័ក ធ្វើឲ្យឆ្លងវីរុសកូវីដចូលសហគមន៍ ត្រូវបានបញ្ចូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិហើយ

    BY Khmernote Media March 5, 2021
    សន្តិសុខថ្លើមធំដែលហ៊ានរំដោះជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័ក ធ្វើឲ្យឆ្លងវីរុសកូវីដចូលសហគមន៍ ត្រូវបានបញ្ចូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិហើយ

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ សន្តិសុខនៅសណ្ឋាគារសុខា ដែលបានលួចរំដោះស្ត្រីជនជាតិចិនចេញពីមណ្ឌលចត្តាឡីស័ក ដែលជាហេតុនាំឲ្យកើតមានការរីករាលដាលនៃវីរុសកូវីដ១៩ចូលក្នុងសហគមន៍នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យធ្វើការបញ្ជូនខ្លួនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ។ ជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាសយដ្ឋាននៅផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

    ជនសង្ស័យរូបនេះត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយបុរសរូបនេះបានប៉ះពាល់ជាមួយស្ត្រីជនជាតិចិន លួចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា។ ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តសំណាកទទួលបានលទ្ធផលអវិជ្ជមាន បុរសជាជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ចូនខ្លួនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

    គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០កុម្ភៈកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសន្តិសុខសណ្ឋាគារមួយកន្លែង បានលួចរំដោះស្ត្រី៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក អោយបានចេញទៅដើរលេងក្លឹប ហើយត្រឡប់ចូលមកធ្វើចត្តាឡីស័កវិញ ស្រាប់តែរកឃើញថាក្នុងចំណោមស្ត្រី៤នាក់នោះ រកឃើញមានវិជ្ជមាន២នាក់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សូមអោយអ្នកពាក់ព័ន្ធនឹងក្លឹប N8 ចូលមកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កដើម្បីជៀសវាងការរីករាលដាលបន្តទៀត។

    ភាពលោភលន់ចង់បានផលប្រយោជន៍មិនខ្វល់ពីជាតិ និងប្រជាជន ធ្វើឲ្យចំនួនអ្នកឆ្លងមានចំនួន ច្រើនមិនធ្លាប់មាន ចំនួនអ្នកធ្វើចត្តាឡីស័កច្រើននាក់ ខាតថវិកាជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិ សាលារៀន និងកន្លែងសំខាន់ៗត្រូវបិទ សមត្ថកិច្ច និងក្រុមគ្រូពេទ្យគ្មានពេលសម្រាក៕

    Share This Post: