កូវីដ-១៩

ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៧៩ករណី បន្ថែមទៀតនៅថ្ងៃសុក្រនេះ

BY
autoadmin
March 5, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃសុក្រ ទី០៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៧៩ករណី ដោយក្នុងនោះមាន ៦៥ករណី ជាការចម្លងនៅក្នុងសហគមន៍ និង ១៤ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបរបស់ប្រទេសនេះកើនដល់ ២៦,៤២១ករណី។ ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់មាន ៥០ករណី ត្រូវបានកត់ត្រាចេញពីខេត្តសាមុតសាខន ដែលជាខេត្តមានការផ្ទុះឡើងនូវរលកថ្មីចុងក្រោយនៅក្នុងប្រទេសថៃ។

ចំណែកក្នុងចំណោមករណីសរុបទាំង ២៦,២៤១ ករណី មានអ្នកជំងឺចំនួន ២៥,៦៤១ (៩៨%) បានជាសះស្បើយ ហើយមានអ្នកជំងឺ ៥១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទូទាំងពិភពលោក ករណីជំងឺ COVID-19 បានកើនឡើងចំនួន ៤៤៦ ៧៤៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនសរុបកើនដល់ ១១៦.២១ លានករណី។ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកបានកើនឡើង ៩,៩៥៥ នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នាំឱ្យចំនួនសរុបកើនដល់ ២.៥៨ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: